រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចេញប្រតិកម្មភ្លាមៗ ក្រោយសមភាគីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍ ដោយចាត់ទុករូបលោកថាជា “ឃាតក”។ លោក ពូទីន បាននិយាយនៅលើកញ្ចក់ទូរទស្សន៍រុស្ស៊ីថា “គេត្រូវការមនុស្សម្នាក់ ស្គាល់មនុស្សម្នាក់” ហើយលោកសូមឲ្យលោក បៃដិន និយាយជាមួយលោកដោយឡាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។
លោក ពូទីន បានធ្វើការច្រានចោលទាំងស្រុងការចោទប្រកាន់ថា កងកម្លាំងសន្តិសុខរបស់លោក បានព្យាយាមធ្វើឃាតអ្នកនយោបាយប្រឆាំង លោក អាឡិចហ្សេ ណាវ៉ាល់នី។ ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយប្រាប់ទូរទស្សន៍ ABC News ថា លោក ពូទីន ត្រូវតែតបស្នងសម្រាប់ការជ្រៀតជ្រែក ការបោះឆ្នោតអាមេរិកឆ្នាំ២០២០។ ខណៈពេលនោះដែរ រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ឲ្យវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ដើម្បីចូលរួមកិច្ចប្រជុំស្ដីពីការការពារកុំឲ្យទំនាក់ទំនងប្រទេសទាំង២ ធ្លាក់ទៅក្នុងដំណាក់កាលមួយដែលមិនអាចវិលត្រឡប់បាន។ រដ្ឋាភិបាលរុស្ស៊ីបាននិយាយថា លោកឯកអគ្គរដ្ឋទូត អាណាតូលី អាន់តូណូវ ត្រូវបានកោះហៅឲ្យវិលត្រឡប់ ពីទីក្រុងវ៉ាស៊ីនតោនមកកាន់ទីក្រុងម៉ូស្គូ ស្របពេលដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឈានដល់ផ្លូវងងឹត។
លោក បៃដិន បានធ្វើសេចក្តីអធិប្បាយលើរបាយការចារកិច្ចអាមេរិក ដែលបានលើកឡើងថា លោក ពូទីន អនុញ្ញាតឲ្យមានយុទ្ធនាការជ្រៀតជ្រែក ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែវិច្ឆិកាឆ្នាំមុន។ របាយការណ៍នោះបានចោទប្រកាន់រុស្ស៊ីថា ព្យាយាមផ្លាស់ប្ដូរលទ្ធផលបោះឆ្នោត ឲ្យងាករកអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលត្រូវបានយកឈ្នះដោយលោក បៃដិន មកពីគណបក្សប្រជាធិបតេយ្យ។ គេរំពឹងផងដែរថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មរុស្ស៊ីនៅសប្ដាហ៍ក្រោយ ពាក់ព័ន្ធនឹងសេចក្តីសន្និដ្ឋានលើរបាយការណ៍ខាងលើ៕
អត្ថបទ៖ សារ៉ាត់