អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា បានច្រានចោលដែលថា អឺរ៉ុបដើរតួនាទីជា «អ្នកសម្របសម្រួលអព្យាក្រឹត» រវាងអ៊ុយក្រែន និងរុស្ស៊ី បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង២៧របស់ប្លុកនេះ បានជជែកដេញដោលអំពីលក្ខខណ្ឌរបស់ពួកគេសម្រាប់ការចរចាដែលអាចធ្វើទៅបាន ជាមួយទីក្រុងមូស្គូ។

កិច្ចពិភាក្សាអំពីការចូលរួមជាថ្មីជាមួយទីក្រុងមូស្គូកំពុងឈានទៅមុខ ក្នុងពេលមានភាពជាប់គាំងនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន ខណៈការយកចិត្តទុកដាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងជាប់រវល់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។ អ៊ុយក្រែនបានជំរុញឱ្យសហភាពអឺរ៉ុបដែលត្រូវបានផាត់ចេញដោយទីក្រុងវ៉ាស៊ីនតោនរហូតមកដល់ពេលនេះ ឲ្យដើរតួនាទីកាន់តែធំ និងបានស្នើឱ្យតែងតាំងអ្នកតំណាងសម្រាប់ការចរចា។

លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានប្រាប់អ្នកសារព័ត៌មាននៅប្រទេសស៊ីបថា «អឺរ៉ុប នឹងមិនធ្វើជាអ្នកសម្របសម្រួលអព្យាក្រឹត រវាងរុស្ស៊ី និងអ៊ុយក្រែនទេ ព្រោះយើងនៅខាងអ៊ុយក្រែន ហើយយើងកំពុងការពារផលប្រយោជន៍សន្តិសុខស្នូលរបស់យើង»។ «យើងមិនអាចស្ថិតនៅអព្យាក្រឹតដោយចាត់ទុកពួកគេស្មើគ្នាបានទេ»។
រដ្ឋមន្ត្រីមួយចំនួននៅក្នុងប្រទេសស៊ីប បានជំរុញឱ្យតែងតាំងអ្នកតំណាងម្នាក់ រួមទាំងរដ្ឋមន្ត្រីការបរទេសអូទ្រីស លោកស្រី Beate Meinl-Reisinger ជាអ្នកដែលបានអះអាងថា «នេះជាអ្វីដែលអ៊ុយក្រែនរំពឹងទុក ថា សហភាពអឺរ៉ុបនឹងត្រៀមខ្លួនរួចរាល់នៅពេលនេះ។