យោងតាមមន្ត្រីបានឲ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់អនុស្សរណៈនៃការយោគយល់បឋម(MOU) ដើម្បីបន្ថែមពេលបទឈប់បាញ់រវាងប្រទេសទាំងពីររយៈពេល៦០ថ្ងៃ និងចាប់ផ្តើមការចរចាសម្រាប់ការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។

ប្រភពព័ត៌មានអាមេរិកបានប្រាប់ សារព័ត៌មាន Al Jazeera ថា ក្របខ័ណ្ឌនេះនៅតែត្រូវការការអនុម័តចុងក្រោយពីប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ប្រសិនបើត្រូវបានបញ្ចប់ចុងក្រោយ កិច្ចព្រមព្រៀងនេះនឹងក្លាយជាការទម្លាយភាពទាល់ច្រកដ៏សំខាន់មួយ បន្ទាប់ពីផ្នែកការទូតដែលបានជាប់គាំងរយៈពេលជាច្រើនសប្តាហ៍។ ប៉ុន្តែព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបណ្ដោះអាសន្ន នៅតែមិនច្បាស់លាស់ ហើយវាក៏មិនច្បាស់នោះដែរថាតើការបន្ថែមពេល៦០ថ្ងៃនេះ បង្ហាញពីថ្ងៃផុតកំណត់សម្រាប់ការចរចាដែរ ឬយ៉ាងណា។

អនុស្សរណៈនៃការយោគយល់ នឹងធ្វើឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាម្តងម្កាលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឈូងសមុទ្រ ដែលបានគំរាមកំហែងដល់ការដួលរលំបទឈប់បាញ់។ កិច្ចព្រមព្រៀងចែងថា ការធ្វើចរាចរណ៍នាវា នឹង «ពុំមានការរឹតត្បិតទេ» នៅច្រកសមុទ្រ Hormuz ហើយសហរដ្ឋអាមេរិក នឹងដកចេញការបិទផ្លូវទឹករបស់កងទ័ពជើងទឹកនៅកំពង់ផែអ៊ីរ៉ង់។
ទីក្រុងតេអេរ៉ង់ បានអះអាងដែនអធិបតេយ្យភាពលើផ្លូវទឹកយុទ្ធសាស្ត្រនេះ ដោយនិយាយថា ច្រកសមុទ្រ Hormuz ត្រូវតែបានគ្រប់គ្រងរួមគ្នាដោយប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ព្រោះវាឆ្លងកាត់ដែនទឹករបស់ប្រទេសទាំងពីរ។ ប៉ុន្តែសហរដ្ឋអាមេរិក បានច្រានចោលការគ្រប់គ្រងណាមួយរបស់អ៊ីរ៉ង់ រួមទាំងប្រព័ន្ធឲ្យបង់ប្រាក់ នៅក្នុងច្រកសមុទ្រ Hormuz។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ក៏បានគំរាមប្រទេសអូម៉ង់ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោនដោយការដាក់ទណ្ឌកម្ម ប្រសិនបើប្រទេសនេះសម្រួលដល់ការឲ្យបង់ថ្លៃសេវាសម្រាប់នាវាដែលឆ្លងកាត់ច្រកសមុទ្រ។