UN៖ ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនជាតិអ៊ុយក្រែនជាង ៥លាននាក់ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសរបស់ពួកគេ ក្នុងសង្គ្រាមរយៈពេល ២ខែចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីចូលអ៊ុយក្រែន ដែលនាំឲ្យមានវិបត្តិជនភៀសខ្លួនធំបំផុតមិនធ្លាប់មាន។

ឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សឺណែវ (UNHCR) កាលពីថ្ងៃពុធបាននិយាយថា ជនជាតិអ៊ុយក្រែនចំនួន ៥លាន ១សែននាក់បានចាកចេញពីប្រទេសចាប់តាំងរុស្ស៊ីបើកការវាយប្រហារកាលពីថ្ងៃ២៤កុម្ភៈ។ ទិន្នន័យនៃចំនួនជនភៀសខ្លួនជាង ៥លាននាក់គឺជាចំនួនខ្ពស់បំផុត និងភាពតក់ស្លុតថ្មីបំផុត ក្នុងវិបត្តិជនភៀសខ្លួនធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈរុស្ស៊ីបង្កើនការវាយប្រហារក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។

ត្រឹម ៣សប្ដាហ៍កន្លងមកនេះ នៅពេលដែលចំនួនជនភៀសខ្លួនបានកើនឡើងដល់ ៤លាននាក់ ឧត្ដមស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា ចំនួនជនភៀសខ្លួនបានហក់ឡើងខ្ពស់បំផុតជាងការព្យាករណ៍របស់ខ្លួន៕
អត្ថបទ៖ សុខមាន