មានសេចក្តីរាយការណ៍ថា លោក Netanyahu បានបញ្ជាឱ្យយោធាអ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយ ទោះបីជាមានបទឈប់បាញ់ដែលត្រូវបានពិនិត្យដោយក្រុមប្រឹក្សាសន្តិភាពបង្កើតឡើងដោយសហរដ្ឋអាមេរិក ក៏ដោយ។

វាមានរយៈពេលបីខែមកហើយ ចាប់តាំងពីក្រុមប្រឹក្សាសន្តិភាពបានជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ហើយបានប្រកាសពីការបង្កើតកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) ប៉ុន្តែរហូតមកដល់ពេលនេះ គ្មានកងកម្លាំងរក្សាសន្តិភាពណាមួយ បានទៅដល់តំបន់ហ្កាហ្សានោះទេ។ ឧបសគ្គមួយ គឺប្រទេសឥណ្ឌូនេស៊ី ដែលបានប្តេជ្ញាថានឹងចូលរួមចំណែកកងទ័ពច្រើនបំផុតប្រហែល ៨.០០០នាក់ បានដកចេញការប្តេជ្ញាចិត្តរបស់ខ្លួនដោយស្ងប់ស្ងាត់។ យោងតាមសារព័ត៌មាន AP បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី លោក Sjafrie Sjamsoeddin បានប្រាប់សភា កាលពីសប្តាហ៍មុនថា ទីក្រុងហ្សាការតា មិនទាន់បានទទួលគោលការណ៍ណែនាំអនុវត្តណាមួយនៅឡើយទេសម្រាប់តួនាទីកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) របស់ខ្លួន។

លោកបាននិយាយថា ដោយសារតែសន្ទុះខ្លាំងនៃជម្លោះរវាងកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ ក្រុមប្រឹក្សាសន្តិភាព ទំនងជាត្រូវបានគេទុកចោលមួយឡែក។ ចាប់តាំងពីក្រុមប្រឹក្សាសន្តិភាព ត្រូវបានគេទុកចោល នោះកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ (ISF) ក៏ត្រូវបានគេទុកចោលផងដែរ។
ការគាំទ្រក្នុងស្រុកចំពោះប្រទេសឥណ្ឌូនេស៊ីក្នុងការបញ្ជូនកងទ័ពទៅជួយនៅតំបន់ហ្កាហ្សា ក៏បានធ្លាក់ចុះ បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពឥណ្ឌូនេស៊ីចំនួនបួននាក់ដែលបម្រើការជាមួយបេសកកម្មអង្គការសហប្រជាជាតិនៅប្រទេសលីបង់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការឈ្លានពានរបស់អ៊ីស្រាអែលនៅប្រទេសលីបង់។