បាល់ទាត់៖ ក្រុមការពារជើងឯក Manchester City បានត្រលប់មកឈរកំពូលតារាងពីលើ Liverpool ១ពិន្ទុវិញក្រោយយកឈ្នះ Brighton ៣-០ យប់មិញនៅ Etihad។ Liverpool បានឡើងឈរកំពូលតារាងបណ្តោះអាសន្នម្សិលមិញក្រោយយកឈ្នះ Manchester United ៤-០ នៅ Anfield។

បីគ្រាប់របស់ Manchester City ត្រូវរង់ចាំដល់វគ្គទី ២ នៅនាទីទី ៥៣ ទើប Riyad Mahrez បើកការនាំមុខបានមុនពេលដែល Phil Foden បន្ថែមមួយគ្រាប់ទៀតនៅនាទីទី ៦៥។ Bernardo Silva គឺជាអ្នកសម្រេចគ្រាប់ចុងក្រោយនៅនាទីទី ៨២ ធ្វើឱ្យក្រុមរបស់លោក Pep Guardiola ត្រលប់មកកាន់កាប់កំពូលតារាងវិញមាន ៧៧ពិន្ទុខណៈ Liverpool ៧៦ពិន្ទុ។

៦ប្រកួតដែលនៅសល់របស់ Manchester City រួមមានជួប Watford, Leeds, Newcastle, West Ham, Aston Villa និង Wolves។ ចំណែក ៦ប្រកួតនៅសល់របស់ Liverpool រួមមានជួប Everton, Newcastle, Spurs, Aston Villa, Southampton និង Wolves៕
អត្ថបទ៖នាង សុភាវុធ