អង្គការណាតូបាននិយាយថា ខ្លួននឹងពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងទាំងអស់ រួមទាំងយានដ្រូន បន្ទាប់ពីយានដ្រូនមួយគ្រឿង បានធ្លាក់លើដំបូលអគារផ្ទះល្វែង ១០ជាន់ នៅភាគអាគ្នេយ៍នៃទីក្រុង Galati ប្រទេសរូម៉ានី ក្នុងអំឡុងពេលការវាយប្រហារពេញមួយយប់របស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែន។

អ្នកនាំពាក្យអង្គការណាតូបាននិយាយនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «យើងថ្កោលទោសចំពោះភាពមិនប្រុងប្រយ័ត្នរបស់រុស្ស៊ី ហើយអង្គការនេះ នឹងបន្តពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងការគំរាមកំហែងទាំងអស់ រួមទាំងយានដ្រូនផងដែរ»៕
