ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានអរគុណដល់ប្រទេសម៉ាឡេស៊ី ចំពោះជំហរមនុស្សធម៌របស់ខ្លួន និងអរគុណដល់ប្រទេសប៉ាគីស្ថានសម្រាប់គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែងដោយប្រសិទ្ធភាពដើម្បីឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើប្រទេសរបស់លោក។

នៅក្នុងការបង្ហោះសារនៅលើបណ្តាញ X លោក Pezeshkian បាននិយាយថា នៅក្នុងការសន្ទនារបស់លោកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប៉ាគីស្ថាន លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ីរ៉ង់ ចំពោះផ្នែកការទូត។ លោកបាននិយាយបន្ថែមថា គោលនយោបាយរបស់អ៊ីរ៉ង់គឺពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសមូស្លីម និងប្រទេសជិតខាង លើគ្រប់វិស័យ។
យោងតាមកាលវិភាគប្រចាំថ្ងៃដែលបានចេញផ្សាយដោយក្រសួងបានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់អាមេរិក លោក Marco Rubio នឹងជួបជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Mohammad Ishaq Dar នៅក្រសួងការបរទេសក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។
ប្រទេសប៉ាគីស្ថាន បានសម្របសម្រួលការចរចាសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដោយមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន ក៏បានទៅធ្វើទស្សនានៅប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
