យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRIB កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបាញ់ទៅលើនាវាចំនួន ៤ គ្រឿង ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាត។ នាវាទាំងបួនគ្រឿង ត្រូវបានបង្ខំឱ្យត្រឡប់ក្រោយវិញបន្ទាប់ពីត្រូវបានព្រមានដោយភាគីអ៊ីរ៉ង់។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា អាជ្ញាធរច្រកសមុទ្រនៅឈូងសមុទ្រពែក្ស ជាអាជ្ញាធរអ៊ីរ៉ង់ដែលត្រួតពិនិត្យការគ្រប់គ្រងការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz ត្រូវបានដាក់បន្ថែមចូលទៅក្នុងបញ្ជីឈ្មោះជនជាតិដែលបានកំណត់យ៉ាងពិសេសនៅក្នុងវិធានការដាក់ទណ្ឌកម្មថ្មី ក្រោមយុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានបង្ហោះនៅលើគេហទំព័រ ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់ក្រសួង បាននិយាយថា អាជ្ញាធរច្រកសមុទ្រ បានព្យាយាមឲ្យនាវាបង់ប្រាក់ដោយខុសច្បាប់ដើម្បីធ្វើចរាចរណ៍ពាណិជ្ជកម្ម និងបង្ខំឱ្យនាវាធ្វើតាមការណែនាំរបស់អ៊ីរ៉ង់ជាថ្នូរទៅនឹងការឆ្លងកាត់ដោយសុវត្ថិភាព។ សេចក្តីប្រកាសក៏បានព្រមានផងដែរថា អ្នកទាំងឡាយដែលសហការជាមួយអាជ្ញាធរ ក៏អាចប្រឈមនឹងទណ្ឌកម្មផងដែរ។
កាលពីថ្ងៃទី ១៨ ខែឧសភា អ៊ីរ៉ង់បានប្រកាសថា ខ្លួនកំពុងបង្កើតអាជ្ញាធរច្រកសមុទ្រនៅឈូងសមុទ្រពែក្ស ជាស្ថាប័នថ្មីមួយគ្រប់គ្រងនៅច្រកសមុទ្រ Hormuz។
