ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃព្រហស្បតី (ទី២៨ ខែឧសភា ឆ្នាំ២០២៦) ថា អ៊ីស្រាអែលកំពុងផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយប្រមុខអង្គការសហប្រជាជាតិ (UN) គឺលោក Antonio Guterres ដោយនិយាយថា វាគឺជា «រឿងហួសហេតុ» ដែលប្រទេសនេះត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងអំពើហិង្សាផ្លូវភេទ នៅក្នុងតំបន់ជម្លោះ។
នៅក្នុងវីដេអូមួយដែលបង្ហោះលើបណ្ដាញសង្គម X ឯកអគ្គរដ្ឋទូត លោក Danny Danon បានលើកឡើងថា៖ «យើងសូមបញ្ចប់ទំនាក់ទំនងជាមួយអគ្គលេខាធិការរូបនេះ»។ ដោយសំដៅទៅលើរបាយការណ៍ដែលនឹងចេញផ្សាយពីការិយាល័យរបស់លោក Guterres លោកបានបន្តថា៖ «ការសម្រេចដាក់អ៊ីស្រាអែលចូលក្នុងបញ្ជីខ្មៅ និងចោទប្រកាន់យើងថា ប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធសង្គ្រាម គឺជាការសម្រេចចិត្តដ៏ហួសហេតុដែលមិនអាចទទួលយកបាន»។

លោកបានបន្ថែមថា៖ «អគ្គលេខាធិការរូបនេះ និងក្រុមរបស់គាត់ បន្តផ្សព្វផ្សាយការនិយាយកុហក ពាក់ព័ន្ធនឹងអ៊ីស្រាអែល។ ការដាក់យើង និងក្រុមភេរវករហាម៉ាស នៅក្នុងបញ្ជីដូចគ្នា គឺមិនអាចទទួលយកបានឡើយ»។
ចំណែកក្រសួងការបរទេសអ៊ីស្រាអែលបានហៅការដាក់ប្រទេសនេះ នៅក្នុងបញ្ជីអំពើហិង្សាផ្លូវភេទរបស់ UN ថា «ជារឿងគួរអាម៉ាស់ និងមិនសមហេតុផល» សោះ។ បេសកកម្មអ៊ីស្រាអែល ប្រចាំ UN បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងមិនមានទំនាក់ទំនងជាមួយការិយាល័យរបស់អគ្គលេខាធិការទៀតទេ ដរាបណាលោក Guterres នៅតែកាន់តំណែងនេះ។
គួរបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការ UN ស្តីពីអំពើហិង្សាផ្លូវភេទ ទាក់ទងនឹងជម្លោះ ត្រូវបានបង្ហាញជាធម្មតា ទៅកាន់រដ្ឋពាក់ព័ន្ធ មុនពេលចេញផ្សាយសាធារណៈ។ នៅក្នុងខែសីហា ឆ្នាំ២០២៥ របាយការណ៍នេះ បានព្រមានថា អ៊ីស្រាអែលអាចត្រូវបានបន្ថែមទៅក្នុងបញ្ជីភាគី ដែលសង្ស័យថា បាន ឬទទួលខុសត្រូវ ចំពោះអំពើហិង្សាផ្លូវភេទ ក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ៕
