នាយកប្រតិបត្តិសហភាពអឺរ៉ុប (EU) នឹងរៀបចំកិច្ចពិភាក្សាដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ ស្តីពីការបង្កើនការការពារពាណិជ្ជកម្មរបស់អឺរ៉ុប ដើម្បីការពារឧស្សាហកម្មសំខាន់ៗ កុំឲ្យស្ថិតក្នុងការគ្រប់គ្រងរបស់គូប្រជែង គឺប្រទេសចិន ដោយក្រុមមានទស្សនៈដូចគ្នាកាន់តែច្រើនឡើងៗកំពុងជំរុញឲ្យធ្វើការបង្ក្រាប។
ខណៈពេលដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិក បានធូរស្រាលបន្តិច បន្ទាប់ពីអឺរ៉ុបទទួលបានការអនុម័ត លើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០២៥ ប្លុកនេះកំពុងងាកការផ្តោតរបស់ខ្លួនទៅប្រទេសចិន។
កង្វល់កាន់តែខ្លាំងឡើងៗ នៅតំបន់អឺរ៉ុប គឺគម្លាតពាណិជ្ជកម្មដ៏គួរឲ្យព្រួយបារម្ភ រវាងប្រទេសចិន និង EU ដែលមានសមាជិក ២៧ប្រទេស។ ឱនភាពពាណិជ្ជកម្មទំនិញរបស់ប្លុកនេះ ជាមួយចិន បានឈានដល់ប្រហែល ៣៦០ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៥ មានន័យថា ការនាំចេញរបស់ចិនមានលើសការនាំចូលពី EU យ៉ាងខ្លាំង។
ចាប់តាំងពីឆ្នាំ២០២៣ មក ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជំរុញវិធីសាស្រ្ត «កាត់បន្ថយហានិភ័យ មិនមែនការផ្តាច់ទំនាក់ទំនង» ដែលធ្វើឲ្យមានតុល្យភាព រវាងក្តីបារម្ភអំពីការពឹងផ្អែកច្រើនពេកលើចិន និងការរក្សាចំណងមិត្តភាពជាមួយទីក្រុងប៉េកាំង។

នៅថ្ងៃទី២៩ ខែឧសភានេះ លោកស្រីនឹងដឹកនាំការជជែកពិភាក្សា ជាមួយក្រុមស្នងការអឺរ៉ុបរបស់លោកស្រី ជុំវិញអ្វីដែល EU គួរធ្វើ ដើម្បីការពារក្រុមហ៊ុនរបស់ទ្វីបនេះ ពីអ្វីដែលទីក្រុងប្រ៊ុចសែល ពិពណ៌នាថា ជាគ្របដណ្ដប់ខ្លាំងពេកពីគូប្រជែងចិន៕
