ក្រុមមន្រ្តីក្នុងស្រុកនិយាយនៅថ្ងៃសុក្រនេះថា មនុស្សយ៉ាងហោច ៦នាក់ សង្ស័យថាបានស្លាប់ ក្រោយជាប់ក្រោមកម្ទេចកម្ទីស្ពានកំពុងសាងសង់បាក់នៅរដ្ឋភាគខាងជើង Uttar Pradesh ប្រទេសឥណ្ឌា ។ ពួកគេបន្តថា អាកាសធាតុអាក្រក់បង្កឲ្យមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យស្ពាននេះបាក់ ។
លោក Abhishek Goyal គឺជាចៅក្រមស្រុក Hamirpur និយាយថា កម្មករមួយចំនួន បានជ្រកភ្លៀងក្រោមម៉ាស៊ីនស្ទួច ស្រាប់តែស្ពានបាក់សង្កត់លើពួកគេតែម្តង ។

លោកបន្តថា ពួកយើងទទួលបានដំណឹងកាលពីវេលាម៉ោងប្រហែល ២-២ ៣០នាទីព្រឹក ម៉ោងក្នុងស្រុកថា ស្ពានកំពុងស្ថិតក្រោមការសាងសង់ បានបាក់ ។ កម្មករមួយចំនួន កំពុងធ្វើការនៅក្រោមស្ពាននោះ ហើយផ្អែកលើព័ត៌មានដែលពួកយើងទទួលបាន មនុស្សប្រហែល ៦នាក់ ស្ថិតក្រោមកម្ទេចកម្ទីស្ពានបាក់ ។
ឧបទ្ទេវហេតុនេះដែរ បានកើតឡើងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយព្យុះភ្លៀងដ៏ខ្លាំងនៅក្នុងរដ្ឋ Uttar Pradesh បានសម្លាប់មនុស្សជាង ១០០នាក់ ៕
