ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានធ្វើប្រតិបត្តិការបាញ់មីស៊ីលពីតំបន់ភាគខាងត្បូងប្រទេស ឆ្ពោះទៅរកគោលដៅជាក់លាក់មួយ មុនពេលអះអាងថា យន្តហោះអាមេរិក ១គ្រឿង ត្រូវបានបាញ់ធ្លាក់នៅទីក្រុង Bushehr។
សេចក្ដីរាយការណ៍នេះ បានបន្ថែមថា គោលដៅនៃមីស៊ីលទាំងនោះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ ចំណែកទីភ្នាក់ងារសារព័ត៌មាន Tasnim បានឲ្យដឹងថា សំឡេងដែលឮចេញមកពីសមុទ្រ គឺកើតឡើងដោយសារ «ការបាញ់ព្រមានដល់នាវា» នៅក្នុងច្រកសមុទ្រ Hormuz។
ក្រោយមក ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា យន្តហោះអាមេរិក ១គ្រឿង ត្រូវបានបំផ្លាញ នៅក្នុងខេត្ត Jam របស់អ៊ីរ៉ង់ នៅទីក្រុង Bushehr ដោយសំអាងដល់សម្តីរបស់អភិបាលក្រុង លោក Masoud Tangestani។
តែសហរដ្ឋអាមេរិកបានបដិសេធការអះអាងទាំងនេះ ដោយបញ្ជាក់ថា គ្មានយន្តហោះអាមេរិកណាមួយ ត្រូវបានបាញ់ទម្លាក់នោះឡើយ។ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បានឲ្យដឹងនៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X ថា៖ «គ្មានយន្តហោះអាមេរិកណាមួយ ត្រូវបានបាញ់ទម្លាក់ទេ។ ធនធានផ្លូវអាកាសអាមេរិកទាំងអស់ មិនមានការបាត់បង់ឡើយ»៕
