ក្រុមអាជ្ញាធររ៉ូម៉ានីនិយាយថា យានដ្រូនមួយគ្រឿងបានធ្លាក់លើដំបូលប្លុកអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅទីក្រុងភាគអាគ្នេយ៍ Galati អំឡុងការវាយប្រហារពេលយប់របស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែននាថ្ងៃសុក្រនេះ បង្កឲ្យផ្ទុះជាអគ្គិភ័យកើតឡើង ហើយនិងបណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ។
ក្រសួងការពារជាតិរ៉ូម៉ានី និយាយនៅថ្ងៃសុក្រនេះថា រ៉ូម៉ានី ដែលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប មានព្រំដែនរួមគ្នាជាមួយអ៊ុយក្រែនប្រវែង ៦៥០គ.ម ហើយបានមើលឃើញ យានដ្រូនរុស្ស៊ីបំពានដែនអាកាសរបស់ពួកគេ ២៨លើក ចាប់តាំងពីទីក្រុងមូស្គូ ចាប់ផ្តើមវាយប្រហារកំពង់ផែទីក្រុងគីវ នៅតាមដងទន្លេ Danube ។
ឧបទ្ទេវហេតុនៅថ្ងៃសុក្រនេះដែរ គឺជាឧបទ្ទេវហេតុលើកដំបូងហើយដែលយានដ្រូនវាយប្រហារតំបន់មានមនុស្សរស់នៅច្រើន ក្នុងប្រទេសរ៉ូម៉ានី និងបណ្តាលឲ្យមានអ្នករងរបួស ហើយវាទំនងជាបង្កើនភាពតានតឹងនៅតំបន់ជ្រោយភាគខាងកើតរបស់អង្គការណាតូ ស្របពេលដែលសម្ព័ន្ធមិត្តអ៊ុយក្រែន ព្រួយបារម្ភថា សង្រ្គាមមួយនេះ អាចរីករាលដាលដល់ព្រំដែនរបស់ពួកគេ ។
ក្រសួងការពារជាតិរ៉ូម៉ានី បន្តថា ពួកគេបានរកឃើញបំណែកយានដ្រូនដែលធ្លាក់នៅរ៉ូម៉ានី ៤៧លើក ។
ទីភ្នាក់ងារសង្រ្គោះបន្ទាន់រ៉ូម៉ានី និយាយដែរថា អគ្គិភ័យបានឆាបឆេះឡើងនៅជាន់ទី ១០នៃអគារផ្ទះល្វែង ក្រោយយានដ្រូនវាយប្រហារដំបូលអគារ និងបានផ្ទុះ ។
ពួកគេបន្តថា មនុស្ស ២នាក់ រងរបួស ទទួលបានការព្យាបាលនៅកន្លែងកើតហេតុ ហើយមនុស្ស ៧០នាក់ ត្រូវបានជម្លៀសចេញពីអគារផ្ទះល្វែង ៕

