សារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យក្រុង Dallas ដើរកាត់តាមកម្ទេចកម្ទីហុយផ្សែង ក្រោយហេតុការណ៍ផ្ទុះហ្គាស និងអគ្គិភ័យបំផ្លិចបំផ្លាញអគារផ្ទះល្វែងមួយខ្នងនៅសង្កាត់ Oak Cliff ស្ថិតក្នុងទីក្រុងរបស់រដ្ឋ Texas មួយនេះ ។

ទីភ្នាក់ងារព័ត៌មាន WFAA រាយការណ៍ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានឆ្លើយតបចំពោះសេចក្តីរាយការណ៍ថា មានការលេចធ្លាយហ្គាសនៅតំបន់នោះ ពេលដែលការផ្ទុះ បានកើតឡើង ។ រូបភាពវីដេអូឃ្លីបរបស់ WFAA ឃើញសំណុំផ្សែងគ្រប់ដណ្តប់ពីលើកម្ទេចកម្ទីដ៏ធំ ។
ក្រុមអាជ្ញាធរ និយាយថា មនុស្ស ៣នាក់ រួមមានស្រ្តី ២នាក់ និងកុមារម្នាក់ បានស្លាប់ ខណៈមនុស្សជាច្រើនផ្សេងទៀត រងរបួស ក្នុងនោះមនុស្សម្នាក់ រងរបួសធ្ងន់ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បន្តរុករក និងចុះប្រតិបត្តិការជួយសង្រ្គោះ ស្របពេលរូបភាពវីដេអូឃ្លីបពីលើអាកាស ឃើញពួកគេព្យាយាមពន្លត់កម្ទេចកម្ទី ហើយនិងឃើញការខូចខាតធ្ងន់ធ្ងរនៅកន្លែងកើតហេតុ ។
ខណៈពេលនោះដែរ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិសហរដ្ឋអាមេរិក និយាយថា ពួកគេបានបញ្ជូនក្រុមការងារ ដើម្បីស៊ើបអង្កេតលើមូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍ផ្ទុះហ្គាសនេះ កើតឡើង ៕
