ក្រុមអ្នកស្វែងរកមាសជាប់ខ្លួននៅក្នុងរូងភ្នំប្រទេសឡាវ ដែលត្រូវបានរកឃើញដោយក្រុមអ្នកជួយសង្រ្គោះ បានថតជាសារវីដេអូខ្លីផ្ញើជូនមនុស្សជាទីស្រលាញ់របស់ពួកគេចាំនៅផ្ទះ ពេលដែលពួកគេរង់ចាំនាំចេញពីរូងភ្នំ ដោយពួកគេនិយាយថា “ពុំចាំបាច់ព្រួយបារម្ភពីពួកគេនោះឡើយ” ។
រូបភាពវីដេអូឃ្លីបពីអ្នកមុជទឹកជនជាតិថៃថតបាន ពេលដែលក្រុមជួយសង្រ្គោះ បានរកឃើញមនុស្ស ៥នាក់ ដែលបានជាប់ខ្លួននៅក្នុងរូងភ្នំឡាវ អស់រយៈពេល ១សប្តាហ៍ ។
គួរឲ្យដឹងថា ជនជាតិឡាវ ៧នាក់ ត្រូវបានគេជឿថា បានចូលរូងភ្នំនៅខេត្តភាគកណ្តាល Xaisomboun ប្រទេសឡាវ កាលពីសប្តាហ៍មុន ដើម្បីស្វែងរកមាស ប៉ុន្តែបំណាក់ដីបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានបិទច្រកចេញរបស់ពួកគេ ។
មនុស្ស ៥នាក់ ត្រូវបានរកឃើញនៅរស់មកទល់នឹងពេលនេះ ដោយក្រុមជួយសង្រ្គោះ ដែលរួមទាំងអ្នកមុជទឺកជនជាតិថៃលោក Norrased Palasing និងអ្នកមុជទឹកជនជាតិហ្វាំងឡើងមានមូលដ្ឋាននៅថៃលោក Mikko Paasi ។
ពួកគេទាំង ២នាក់ ធ្លាប់បានចូលរួមប្រតិបត្តិការសង្រ្គោះក្មេងប្រុស ១២នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេ កាលពីឆ្នាំ ២០១៨ ផងដែរ ចេញពីរូងភ្នំរងការជន់លិច នៅតំបន់ភាគខាងជើងប្រទេសថៃ ៕

