បារាំង៖ លោកប្រធានាធិបតីបារាំង Emmanuel Macron និងគូប្រជែងស្ដាំនិយមជ្រុលលោកស្រី Marine Le Pen កាលពីថ្ងៃពុធបានប៉ះទង្គិចគ្នាដ៏ជូរចត់ជុំវិញទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី និងក្រុមអ៊ីស្លាម ខណៈអ្នកទាំង២ ព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតដែលមិនទាន់បានសម្រេចចិត្តថា នឹងត្រូវបោះឆ្នោតឲ្យបក្សណា ក្នុងការជជែកដេញដោលដ៏តានតឹងរយៈពេល ៤ថ្ងៃមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
ប្រទេសបារាំងបានប្រឈមនឹងជម្រើសដ៏ស្មុគស្មាញ ក្នុងការប្រជែងគ្នាក្នុងការបោះឆ្នោតជុំទី២ នៅថ្ងៃទី២៤ ខែមេសារវាងលោក Macron មកពីគណបក្សនិយមកណ្ដាល និងបេក្ខជនប្រឆាំងការធ្វើអន្តោប្រវេសន៍លោកស្រី Le Pen ដែលនឹងស្វែងរកឱកាសក្លាយជាប្រមុខរដ្ឋ មកពីគណបក្សស្ដាំនិយមជ្រុលដំបូងរបស់ប្រទេសបារាំង ដែលនឹងនាំឲ្យមានការបញ្ជូនរលកនៃភាពរន្ធត់ជុំវិញតំបន់អឺរ៉ុប។ មានការបង្ហាញពីឥរិយាបទរាក់ទាក់គ្នាតិចតួច ក្នុងការជជែកដេញដោលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍រយៈពេល ៣ម៉ោង ខណៈដែលលោក Macron ព្យាយាមផ្ដួលលោកស្រី Le Pen ជាថ្មី ស្របពេលដែលលោកស្រីនៅតែផ្ដោតលើសកម្មភាពរបស់រដ្ឋាភិបាលនេះ។
ស្របពេលដែលបញ្ហានៃការវាយលុករបស់រុស្ស៊ីចូលអ៊ុយក្រែន កំពុងគ្របដណ្ដប់លើយុទ្ធនាការនេះ លោក Macron បានខឹងយ៉ាងខ្លាំងជុំវិញបញ្ហាកម្ចីប្រាក់របស់គណបក្សលោកស្រី Le Pen ដែលបានខ្ចីពីធនាគារសាធារណរដ្ឋឆែក និងរុស្ស៊ី មុនយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រីកាលពីឆ្នាំ២០១៧៕
អត្ថបទ៖ សុខមាន