រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទៅដល់កាណាដាហើយ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ដែលជាការមាននូវទស្សនកិច្ចបែបនេះលើកដំបូងទៅកាន់ប្រទេសនេះ ក្នុងរយៈពេល ១ទសវត្សរ៍។

នៅលើវេទិកាបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានសរសេរថា៖ «ខ្ញុំទន្ទឹងរង់ចាំស្វាគមន៍សមភាគីចិនរបស់ខ្ញុំ គឺលោករដ្ឋមន្ត្រី Wang Y សម្រាប់ដំណើរទស្សនកិច្ចលើកដំបូងមកកាន់ប្រទេសកាណាដា ដោយរដ្ឋមន្ត្រីការបរទេសចិន ក្នុងរយៈពេល ១ទសវត្សរ៍»។
ដំណើរទស្សនកិច្ចរបស់លោក កំពុងធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ទៅកាន់ប្រទេសចិន ក្នុងខែមករាឆ្នាំនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីកាណាដា គិតចាប់តាំងពីឆ្នាំ២០១៧។
មុននេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋាភិបាលកាណាដាបានឲ្យដឹងថា លោក Wang និងលោកស្រី Anand នឹងជួបគ្នានៅទីក្រុងអូតាវ៉ា ដើម្បីពិភាក្សាអំពីការអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រកាណាដា-ចិន ដែលត្រូវបានធ្វើបច្ចុប្បន្នភាព។
គួរដឹងថា ពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសចិន និងកាណាដា មានចំនួន ១២៥,១ពាន់លានដុល្លារ នៅឆ្នាំ២០២៥៕
