អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានធ្វើដំណើរទៅដល់ទីក្រុង Kinshasa របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីសម្របសម្រួលការឆ្លើយតបនឹងការរីករាលដាលឆ្លងជំងឺអេបូឡានៅប្រទេសមួយនេះ ដោយរូបលោកព្រមានថា ជម្លោះ ការជម្លៀសខ្លួន និងការមិនទុកចិត្តគ្នា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺមួយនេះ ។
ថ្លែងពេលទៅដល់ទីក្រុង Kinshasa លោក Tedros ចាត់ទុកការរីករាលដាលឆ្លងជំងឺអេបូឡាថា ស្មុគស្មាញខ្លាំងណាស់ ហើយលោកជំរុញឲ្យមានបទឈប់បាញ់ ពីព្រោះថា អសន្តិសុខ និងកង្វះខាតស្បៀងអាហារ បានធ្វើឲ្យឆ្លើយតបកាន់តែលំបាកថែមមួយកម្រិតទៀត ។
លោកបានជំរុញផងដែរឲ្យមានការផ្តល់មូលនិធិអន្តរជាតិ ដោយរូបលោកបញ្ជាក់ថា ប្រហែល ១ភាគ ៣ប៉ុណ្ណោះ នៃការគាំទ្រទទួលបាន ។ បើគ្មានបុគ្គលិកសុខភាពទេនោះ វាពិតជាពិបាកជួយអ្នកដទៃខ្លាំងណាស់ ។
លោក Tedros និយាយដែរថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងភាគខាងកើត Bunia ដើម្បីវាយតម្លៃស្ថានភាព ស្របពេលដែលអង្គការ WHO ត្រូវធ្វើការជាមួយដៃគូ ដើម្បីពន្លឿនការធ្វើតេស្តេវេជ្ជសាស្រ្ត សម្រាប់វ៉ាក់សាំង និងការព្យាបាល ដែលអាចចំណាយពេលច្រើនខែ ក្នុងការសម្រេចបាន ៕