បាល់ទាត់៖ ខ្សែបម្រើស៊ុយអែត Emile Forsberg បានក្លាយជាតួឯកក្នុងការប្រកួត ក្រោយតែតបញ្ចូលទីក្នុងម៉ោងបន្ថែមបង្គ្រប់ឱ្យ RB Leipzig យកឈ្នះ Union Berlin ២-១ ឡើងវគ្គផ្តាច់ព្រ័ត្រអាល្លឺម៉ង់ខាប់។

Union Berlin បើកការនាំមុខមុនពីការបញ្ជូនបាល់កាត់យ៉ាងល្អរបស់ Christopher Trimmel ឱ្យ Sheraldo Becker ស៊ុតបញ្ចូលទីនាំមុខនៅក្នុងវគ្គទី ១។ តែវគ្គទី២ Leipzig ក៏តាមស្មើដោយបាល់ពិន័យ ១១ម៉ែត្រសំរេចដោយ Andre Silva បន្ទាប់ពីកំហុសរបស់ខ្សែការពារ Union Berlin, Paul Jaeckel លើ Christopher Nkunku។ ហៀបនឹងចប់ទៅហើយ ពោលគឺក្នុងម៉ោងបន្ថែមបង្គ្រប់ បាល់លើកកាត់របស់ Benjamin Henrichs យ៉ាងល្អតែតបញ្ចូលទីដោយ Emile Forsberg នៅនាទីទី ៩០+២។
ជ័យជំនះនេះធ្វើឱ្យ RB Leipzig ឡើងវគ្គផ្តាច់ព្រ័ត្រអាល្លឺម៉ង់ខាប់ រឺ DFB Pokal នេះជាលើកទី៣ ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយដោយនឹងត្រូវជួបជាមួយ Freiburg នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២១ ខែឧសភានៅទីក្រុងប៊ែកឡាំង៕
អត្ថបទ៖នាង សុភាវុធ