បាតុកម្ម និងការរំខានដល់ការដឹកជញ្ជូន បានកើតឡើងនៅទូទាំងប្រទេសអ៊ីតាលី នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នា២០២៦) ក្នុងអំឡុងពេលមានកូដកម្មទូទាំងប្រទេសរៀបចំឡើងដោយសហជីពមូលដ្ឋាន ដែលតវ៉ាប្រឆាំងនឹងការកើនឡើងការចំណាយនៃការរស់នៅ អសន្តិសុខការងារ និងការបង្កើនការចំណាយផ្នែកយោធា។
ការដើរដង្ហែ និងការជួបជុំគ្នា ដើម្បីបង្ហាញការតវ៉ានេះ ត្រូវបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងជាច្រើន រួមមានទីក្រុងរ៉ូម Milan, Naples, Bologna, Florence, Genoa, Turin, Palermo និង Catania។ កូដកម្មនេះត្រូវបានអំពាវនាវដោយសហជីពកម្មករមូលដ្ឋានជាច្រើន រួមមាន CUB, SGB, SI COBAS និង USI រួមជាមួយអង្គការគាំទ្រប៉ាឡេស្ទីន នៅក្នុងប្រទេសអ៊ីតាលី។
ក្រុមបាតុករបានទាមទារប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ខ្ពស់ជាងមុន ការបញ្ចប់ការបណ្តេញចេញ និងការងារដែលមិនមានសុវត្ថិភាព និងការប្រឆាំងនឹងអ្វីដែលអ្នករៀបចំ បានពិពណ៌នាថា ជា «ការចំណាស់លខ្ពស់នៃការរស់នៅ ដែលបង្កឡើងដោយសង្គ្រាម»។
ក្រុមទាំងនោះក៏បានថ្កោលទោសផងដែរ ចំពោះ «ទង្វើប្រល័យពូជសាសន៍ដែលកំពុងបន្តមាន លើប្រជាជនប៉ាឡេស្ទីន និងលីបង់» និងបានអំពាវនាវឲ្យអ៊ីតាលីផ្អាកទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល។
ក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ីតាលី FS បានឲ្យដឹងថា កូដកម្មដាច់ដោយឡែកមួយ ដោយកម្មករផ្លូវដែក បានចាប់ផ្តើមកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយនឹងបន្តរហូតដល់ល្ងាចថ្ងៃសុក្រ ដែលធ្វើឲ្យប៉ះពាល់ដល់សេវាកម្មរថភ្លើងទូទាំងប្រទេស៕