ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Oleksiy Kuleba និយាយនៅថ្ងៃសុក្រនេះថា យានដ្រូនរុស្ស៊ី បានវាយប្រហារនាវាដឹកទំនិញ ៣គ្រឿងដោតទង់ជាតិបរទេស កាលពីយប់ថ្ងៃព្រហស្បតិ៍ ពេលដែលពួកគេធ្វើដំណើរតាមច្រករបៀងនាំចេញតាមសមុទ្ររបស់អ៊ុយក្រែន ស្ថិតក្នុងសមុទ្រខ្មៅ ។
យោងតាមការអះអាងរបស់កងទ័ពជើងទឹកអ៊ុយក្រែន បានឲ្យដឹងថា នាវាមួយគ្រឿងដែលរងការវាយប្រហារ គឺជានាវាដឹកទំនិញរបស់ទួរគី ដែលធ្វើដំណើរក្រោមទង់ជាតិវ៉ានូអាទូ ហើយនិងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសទួរគី ចេញពីកំពង់ផែនៅតំបន់ Odesa ។
ពួកគេបន្តថា ការវាយប្រហារនេះ បណ្តាលឲ្យកើតមានអគ្គិភ័យ ហើយនិងការជម្លៀសខ្លួននាវិករងរបួស ២នាក់ ហើយនាវាមួយគ្រឿងនេះ មានផ្ទុកទំនិញនៅពេលរងវាយប្រហារនោះ ។
លោក Kuleba និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហាររបស់រុស្ស៊ី បណ្តាលឲ្យកើតមានអគ្គិភ័យនៅលើនាវា ប៉ុន្តែត្រូវបានពន្លត់វិញហើយដោយក្រុមនាវិក ។
អាជ្ញាធរកំពង់ផែសមុទ្រអ៊ុយក្រែន និយាយថា នាវាទាំង ៣គ្រឿងនេះ ដោតទង់ជាត់វ៉ានូអាទូ កូម៉ូរូស និងប៉ាណាម៉ា ។
សូមបញ្ជាក់ថា រុស្ស៊ីមានគោលដៅម្តងហើយម្តងទៀតលើផ្លូវនាំចេញសមុទ្រ អំឡុងសង្រ្គាមរយៈពេលជាង ៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីពួកគេវាយលុកអ៊ុយក្រែន ៕