អំឡុងការសន្ទនាជាមួយអធិការបតីអូទ្រីស លោក Christian Stocker ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា បើយោងតាមទិន្នន័យស៊ើបការណ៍សម្ងាត់ រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មី លើទីក្រុង និងសហគមន៍របស់ប្រទេសអ៊ុយក្រែន។
លោក Zelenskyy បានសរសេរនៅលើឆាណែល Telegram របស់លោកនៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះថា៖ «សូមថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខ ទាក់ទងនឹងការវាយប្រហារតាមអាកាសឥតឈប់ឈររបស់រុស្ស៊ី។ យើងបានជម្រាបជូនលោកអធិការបតី អំពីទិន្នន័យស៊ើបការណ៍សម្ងាត់របស់យើង ដែលថា រុស្ស៊ីកំពុងរៀបចំការវាយប្រហារទ្រង់ទ្រាយធំថ្មីលើទីក្រុង និងសហគមន៍របស់បរ្ទេសអ៊ុយក្រែន។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលមានការឆ្លើយតបរួមគ្នាពីដៃគូរបស់យើង ចំពោះការបាញ់ផ្លោងទាំងនេះ ជាពិសេសក្នុងការផ្គត់ផ្គង់ប្រព័ន្ធប្រឆាំងបាលីស្ទិក»។
ថ្នាក់ដឹកនាំទាំង២ ក៏បានពិភាក្សាផងដែរ អំពីដំណើរការនៃការធ្វើសមាហរណកម្មអឺរ៉ុបរបស់អ៊ុយក្រែន។ ហើយលោក Zelenskyy បានកត់សម្គាល់ថា៖ «យើងរំពឹងថា នៅដើមខែមិថុនា ក្រុមចរចាទី១ នឹងត្រូវបានចាប់ផ្ដើមឡើង។ នេះជារឿងយុត្តិធម៌ ខណៈប្រជាជនអ៊ុយក្រែនសមនឹងទទួលបានវា។ ខ្ញុំសូមថ្លែងអំណរគុណដល់អូទ្រីស សម្រាប់ការចែករំលែកទស្សនៈនេះយ៉ាងពេញលេញ»។
លើសពីនេះ ភាគីទាំង២ ក៏បានពិភាក្សាផងដែរ អំពីកិច្ចសហប្រតិបត្តិការ ក្នុងរង្វង់អង្គការអន្តរជាតិ។ ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ុយក្រែន បានណែនាំក្រុមអ្នកការទូតឲ្យធ្វើការលើបញ្ហា ពាក់ព័ន្ធជាមួយសហការីអូទ្រីស នៅកម្រិតរបស់ពួកគេ៕