ប្រធានាធិបតីរ៉ូម៉ានី លោក Nicusor Dan បានប្រកាសថា បន្ទាប់ពីមានឧប្បត្តិហេតុ ពាក់ព័ន្ធនឹងយានដ្រូន ប្រទេសរ៉ូម៉ានីបានសម្រេចបិទស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta និងប្រកាសថា អគ្គកុងស៊ុល គឺជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ ដោយចំណាត់ការនេះ បានកើតឡើងបន្ទាប់ពីរូបលោកបើកកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិជាន់ខ្ពស់របស់ប្រទេស ដែលបានពិភាក្សាអំពីផលវិបាកនៃការធ្លាក់យានដ្រូនលើផ្ទះមួយខ្នង ក្នុងទីក្រុង Galati។
យោងតាមការកត់សម្គាល់ដែលបានចាក់ផ្សាយនៅលើគេហទំព័ររបស់រដ្ឋបាលប្រធានាធិបតី លោកប្រធានាធិបតី បានបញ្ជាក់ថា៖ «ក្នុងស្ថានភាពនេះ អគ្គកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta ត្រូវបានប្រកាសថា ជាបុគ្គលដែលមិនត្រូវបានស្វាគមន៍ ហើយស្ថានកុងស៊ុលរុស្ស៊ី ប្រចាំទីក្រុង Constanta នឹងត្រូវបិទ។
គួរបញ្ជាក់ថា នៅមុននេះ ក្រសួងការពារជាតិរ៉ូម៉ានីបានរាយការណ៍ថា យានដ្រូន ១គ្រឿង បានធ្លាក់មកលើដំបូលអគារដែលមានគ្រួសារច្រើនរស់នៅ ក្នុងទីក្រុង Galati។ រដ្ឋាភិបាលទីក្រុង Bucharest បានស្តីបន្ទោសរុស្ស៊ី ចំពោះឧប្បត្តិហេតុនេះ។
ក្រសួងការបរទេសរ៉ូម៉ានីក៏បានឲ្យដឹងផងដែរថា ខ្លួនបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរុស្ស៊ី ដើម្បីឲ្យមកស្ដាប់ អំពីវិធានការការទូត ដែលនឹងត្រូវធ្វើឡើង ដើម្បីជាការឆ្លើយតប៕