ឥណ្ឌានិយាយនៅថ្ងៃសុក្រនេះថា ភ្លៀងធ្លាក់អំឡុងរដូវវស្សាដែលរារាំងដោយសារបាតុភូតអែល នីញ៉ូ ទំនងជាទាបជាងកម្រិតធម្មតា ក្នុងឆ្នាំ ២០២៦នេះ ជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ បង្កឲ្យមានក្តីបារម្ភដល់ទិន្នផលកសិកម្ម និងកំណើនសេដ្ឋកិច្ច ស្របពេលដែលពួកគេកំពុងទប់ទល់អតិផរណា បណ្តាលមកពីសង្រ្គាមអ៊ីរ៉ង់ ។
ជាសរសៃឈាមសេដ្ឋកិច្ចតម្លៃ ៤សែនកោដិដុល្លាររបស់ឥណ្ឌា រដូវវស្សានាំមកនូវភ្លៀងធ្លាក់ជិត ៧០ភាគរយ ដែលត្រូវការសម្រាប់ស្រោចស្រពដំណាំកសិកម្ម និងបំពេញស្រទាប់ទឹកក្រោមដី ហើយនិងអាងស្តុកទឹក ។
លោក Ravichandran គឺជារដ្ឋលេខាធិការក្រសួងវិទ្យាសាស្រ្តផែនដី និយាយថា ភ្លៀងមូសុងវស្សា ត្រូវបានគេរំពឹងថា នឹងមាន ៩០ភាគរយប៉ុណ្ណោះនៃកម្រិតមធ្យមក្នុងឆ្នាំនេះ ។
លោកបន្តថា ឥទ្ធិពលអាកាសធាតុពីបាតុភូតអែល នីញ៉ូ ទំនងជាកើតមាននាពេលឆាប់ៗនេះ ហើយនិងធ្វើឲ្យប៉ះពាល់ដល់ការធ្លាក់ភ្លៀង អំឡុងរដូវវស្សាមានរយៈពេល ៤ខែ ចាប់ពីខែមិថុនា រហូតដល់ខែកញ្ញា ។
សូមបញ្ជាក់ថា បាតុភូតអែល នីញ៉ូ កើតមានឡើង ពេលដែលសីតុណ្ហភាពមហាសមុទ្រកើនឡើងហួសកម្រិតធម្មតានៅតំបន់ភាគកណ្តាល និងតំបន់ភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ធ្វើឲ្យអាកាសធាតុមានស្ថានភាពក្តៅ និងស្ងួតជាងមុននៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតលើពិភពលោក ៕