នៅថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់រុស្ស៊ី បានព្រមានមេដឹកនាំអឺរ៉ុបថា យានដ្រូននឹងបន្តវង្វេងផ្លូវចូលទៅក្នុងប្រទេសរបស់ពួកគេ និងធ្វើឲ្យប្រជាជនរបស់ពួកគេលែងបានគេងលក់ស្រួលទៀតហើយ។
លោក Medvedev បាននិយាយបែបនេះបន្ទាប់ពីអង្គការណាតូ (NATO) បានចោទប្រកាន់ទីក្រុងមូស្គូថា មានទង្វើមិនប្រុងប្រយ័ត្ន ហើយបានប្ដេជ្ញាថា នឹង «ការពារទឹកដីសម្ព័ន្ធមិត្តគ្រប់អ៊ីញ» ក្រោយរ៉ូម៉ានីបានប្រាប់ថា យានដ្រូនរបស់រុស្ស៊ីបានធ្លាក់ចូលទៅក្នុងអគារផ្ទះល្វែងមួយកន្លែង នៅក្នុងរដ្ឋសមាជិករបស់សម្ព័ន្ធភាព ក្នុងអំឡុងពេលមានការវាយប្រហារលើប្រទេសជិតខាងអ៊ុយក្រែន។
លោក Medvedev បានលើកឡើងថា ខ្លួននៅតែត្រូវការកំណត់ឲ្យបានច្បាស់ថា តើយានដ្រូននោះជារបស់ប្រទេសណា ប៉ុន្តែបានបញ្ជាក់ថា មេដឹកនាំ «ដ៏កម្សោយ» របស់អឺរ៉ុប គួរតែឈប់បង្ហាញកំហឹង ចំពោះឧប្បត្តិហេតុនេះ ព្រោះពួកគេកំពុងចូលរួមដោយផ្ទាល់ នៅក្នុងសង្គ្រាម ប្រឆាំងនឹងរុស្ស៊ី។
លោក Medvedev បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សូមឲ្យពួកគេត្រៀមខ្លួន ព្រោះរឿងនេះនឹងបន្តកើតឡើង។ មានសង្គ្រាមកំពុងកើតឡើង! ហើយពលរដ្ឋនៃរដ្ឋសហភាពអឺរ៉ុប ក្នុងនាមជាប្រជាជននៃប្រទេសដែលមានសង្គ្រាម នឹងមិនអាចគេងលក់ស្រួលបានទេ»។
លោកបានបន្ថែមថា ឧប្បត្តិហេតុបែបនេះ ទំនងជានឹងបន្តកើតមាននៅទីកន្លែងដែលយានដ្រូនត្រូវបានផលិត សម្រាប់អ៊ុយក្រែន៕