ប្រទេសរ៉ូម៉ានី និងសម្ព័ន្ធយោធាណាតូរបស់ខ្លួន បានប្រតិកម្មដោយកំហឹងបន្ទាប់ពីយានដ្រូនរបស់រុស្ស៊ី បានធ្លាក់ទៅលើអគារលំនៅឋានមួយកន្លែងនៅភាគខាងកើតប្រទេសរ៉ូម៉ានី បណ្តាលឱ្យមនុស្សពីរនាក់រងរបួស។ ក្រសួងការបរទេសនៅទីក្រុង Bucharest កាលពីថ្ងៃសុក្របានហៅការធ្លាក់យានដ្រូនដែលជាផ្នែកមួយនៃការវាយប្រហារនៅពេលយប់ក្នុងបំណងដាក់គោលដៅទៅលើប្រទេសអ៊ុយក្រែន ថាជាការរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ។ ឧបទ្ទវហេតុនេះ ជាការឈ្លានពានចុងក្រោយនៅតាមបណ្តោយស្លាបភាគខាងកើតរបស់សម្ព័ន្ធមិត្តដែលបង្កើនការព្រួយបារម្ភថា ហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយបើកចំហរវាងរុស្ស៊ី និងបណ្តារដ្ឋសម្ព័ន្ធមិត្តណាតូ កំពុងកើនឡើង។

ប្រទេសរ៉ូម៉ានី និយាយថា យានដ្រូនកាលពីពេលយប់ ត្រូវបានតាមដានដោយរ៉ាដានៅក្នុងដែនអាកាសរបស់ខ្លួន មុនពេលធ្លាក់ទៅលើដំបូលអគារលំនៅឋានមួយកន្លែងក្នុងទីក្រុង Galati។ យន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ត្រូវបានបញ្ជូនចេញយ៉ាងប្រញាប់ប្រញាល់ខណៈអាជ្ញាធរ បានចេញការព្រមានបន្ទាន់ដល់ប្រជាជន។ មនុស្សពីរនាក់បានរងរបួសស្រាល ហើយប្រជាជនច្រើននាក់ត្រូវបានជម្លៀសចេញបន្ទាប់ពីមានអគ្គិភ័យកើតឡើងដោយសារការធ្លាក់យានដ្រូននេះ។
នេះជាឧបទ្ទវហេតុចុងក្រោយក្នុងចំណោមហេតុការណ៍ជាច្រើន ខណៈសង្គ្រាមនៅអ៊ុយក្រែនបានរាលដាលដល់ប្រទេសណាតូដែលនៅជិតខាង ដោយបានបង្កើនការព្រួយបារម្ភពីការរីកធំជម្លោះអាចកើតមាន។ ប្រទេសអេស្តូនី លីទុយអានី និងប្រទេសឡាតវី ព្រមទាំងប្រទេសហ្វាំងឡង់ បានរាយការណ៍ពីការឈ្លានពានដដែលៗចូលទៅក្នុងដែនអាកាសរបស់ពួកគេក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
ភ្លាមៗបន្ទាប់ពីការធ្លាក់យានដ្រូន ទីក្រុង Bucharest បានអំពាវនាវឱ្យសម្ព័ន្ធយោធាណាតូ ពន្លឿនការផ្ទេរសមត្ថភាពប្រឆាំងយានដ្រូន។
