ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា រយៈពេលប្រមាណ១ខែ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានលើកលែងធ្វើតេស្តមុន ៧២ម៉ោង និងការធ្វើតេស្តរហ័ស មានជនបរទេសឆ្លងដែនចូលកម្ពុជាជាង ៨ម៉ឺននាក់។
ថ្លែងប្រាប់ BTV News នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចលើកលែងការធ្វើតេស្តមុន៧២ម៉ោង និងការធ្វើតេស្តរហ័ស ទៅលើជនបរទេសឆ្លងដែនចូលកម្ពុជាមក រយៈពេលប្រមាណ១ខែកន្លងមក មានលំហូរជនបរទេសបានធ្វើដំណើរចូលកម្ពុជាជាង ៨ ម៉ឺននាក់ដែលចំនួននេះ មានការកើនឡើង ទាំងតាមច្រកទ្វារព្រំដែនផ្លូវអាកាស និងផ្លូវគោក ។
នាយឧត្តមសេនីយ៍ បន្តថា ក្នុងចំណោមមធ្យោបាយធ្វើដំណើរឆ្លងដែនរវាងព្រំដែនគោក និងព្រំដែនផ្លូវអាកាស គឺជនបរទេសភាគច្រើនឆ្លងដែនតាមផ្លូវអាកាស។
នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានឲ្យដឹងទៀតថា រយៈពេលមួយខែកន្លងទៅ មន្រ្តីអន្តោប្រវេសន៍តាមច្រកទ្វារព្រំដែនអន្តរជាតិ បានហាមមិនឲ្យជនបរទេសចំនួនជាង ៧០នាក់ចូលកម្ពុជា បន្ទាប់ពីរកឃើញថា ជបរទេសទាំងនោះភាគច្រើនមិនមានគោលដៅច្បាស់លាស់ និងខ្លះទៀតមិនស្របទៅតាមច្បាប់ស្តីពីអន្តោប្រវេសន៍។
ទាក់នឹងការបន្ធូរបន្ថយវិធានការសម្រាប់អ្នកដំណើរចូលមកកម្ពុជានេះ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ នេះផងដែរ ក្រសួងសុខាភិបាល ក៏បានសម្រេចកែសម្រួលលើអ្នកធ្វើដំណើរមកពីបរទេសបន្ថែមទៀត ដោយកាត់បន្ថយការធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរទេស ដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ពីរយៈពេល១៤ថ្ងៃ មកត្រឹមរយៈពេល ៧ថ្ងៃវិញ។ជុំវិញការសម្រេចថ្មីនេះ នាយឧត្តមសេនីយ៍ កែវ វណ្ណថន ក៏បានណែនាំដល់មន្រ្តីអន្តោប្រវេសន៍តាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ដើម្បីរួមចំណែកជំរុញឲ្យជនបរទេសឆ្លងដែនចូលកម្ពុជាកាន់តែច្រើន ទាំងអ្នកវិនិយោគ និងទេសចរណ៍ជាដើម៕ អត្ថបទ៖ សេក ឧត្តម