ប្រតិកម្មជាផ្លូវការពីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei មានសារដ៏ច្បាស់ លាស់មួយថា ការផ្លាស់ប្តូរសារ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងនៅបន្ត ប៉ុន្តែពុំទានមានកិច្ចព្រមព្រៀងចុងក្រោយណាមួយត្រូវបានឈានដល់នៅឡើយទេ។
លោក Baghaei បានជំទាស់យ៉ាងខ្លាំងចំពោះសំឡេងរបស់លោកប្រធានាធិបតី Trump ដោយនិយាយថា អ៊ីរ៉ង់និយាយថាលាហើយចំពោះភាសានៃពាក្យថា «ត្រូវតែ» រយៈពេល៤៧ឆ្នាំកន្លងទៅនេះ ហើយសង្កត់ធ្ងន់ថា អ៊ីរ៉ង់ធ្វើការសម្រេចចិត្តដោយផ្អែកលើអ្វីដែលខ្លួនមើលឃើញថាជាផលប្រយោជន៍ និងសិទ្ធិរបស់ប្រជាជនអ៊ីរ៉ង់។

ស្តីពីបញ្ហានៃការបិទផ្លូវរបស់កងទ័ពជើងទឹក និងច្រកសមុទ្រ Hormuz លោក Baghaei បាននិយាយថា អ្វីដែលសហរដ្ឋអាមេរិកហៅថាការបិទផ្លូវ តាមទស្សនៈរបស់អ៊ីរ៉ង់គឺជាសកម្មភាពខុសច្បាប់តាំងពីដើមសង្គ្រាមមក ហើយវាក៏ជាការរំលោភលើបទឈប់បាញ់ និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិ។
លោក Baghaei បាននិយាយបន្ថែមថា អ៊ីរ៉ង់ពេលនេះចង់ឃើញថាតើការដកចេញការបិទផ្លូវរបស់កងទ័ពជើងទឹកនឹងត្រូវបានអនុវត្តដូចដែលបានប្រកាសឬយ៉ាងណា ឬថាតើវាគ្រាន់តែជាការអះអាងឃោសនា។ ដូច្នេះសារពីអ៊ីរ៉ង់ អ៊ីរ៉ង់កាន់តែប្រុងប្រយ័ត្នជាងមុន នៅពេលនេះ។ ពួកគេនិយាយថា ការចរចាកំពុងបន្ត ប៉ុន្តែភាពខ្វែងគំនិតគ្នាសំខាន់ៗនៅតែមិនទាន់បានដោះស្រាយ។
