រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth នៅថ្ងៃសៅរ៍ ទី៣០ ខែឧសភានេះ បានជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ី បង្កើនការចំណាយលើវិស័យយោធាដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងទប់ស្កាត់អំណាចរបស់ប្រទេសនេះនៅក្នុងតំបន់ ដោយព្រមានអំពីការបង្កើនយោធាយ៉ាងឆាប់រហ័ស។ លោក Hegseth ថ្លែងនៅក្នុងកិច្ចសន្ទនា Shangri-La ក្នុងប្រទេសសិង្ហបុរី ជាវេទិកាកំពូលរបស់អាស៊ីសម្រាប់មេដឹកនាំការពារជាតិ យោធា និងអ្នកការទូត បាននិយាយថា សម្ព័ន្ធមិត្តដែលរឹងមាំនិងពឹងផ្អែកលើខ្លួនឯងកាន់តែច្រើន គឺជាគន្លឹះក្នុងការទប់ស្កាត់។ លោកនិយាយថា «មានការព្រួយបារម្ភត្រឹមត្រូវទាក់ទងនឹងការបង្កើនយោធាជាប្រវត្តិសាស្ត្ររបស់ប្រទេសចិន និងការពង្រីកសកម្មភាពយោធារបស់ប្រទេសនេះនៅក្នុងតំបន់ និងហួសពីនេះ»។

លោក Hegseth និយាយថា «តំបន់ប៉ាស៊ីហ្វិក ដែលស្ថិតក្រោមអនុត្តរភាពណាមួយ នឹងធ្វើឱ្យបាត់បង់តុល្យភាពអំណាចក្នុងតំបន់»។ «គ្មានរដ្ឋណាមួយ រួមទាំងប្រទេសចិន អាចដាក់អនុត្តរភាព និងក្តោបក្តាប់សន្តិសុខរបស់ប្រទេសនិងសម្ព័ន្ធមិត្តរបស់យើង ធ្វើឲ្យមានបញ្ហានោះទេ»។ សហរដ្ឋអាមេរិក រំពឹងថាសម្ព័ន្ធមិត្ត និងដៃគូអាស៊ីរបស់ខ្លួន នឹងបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ខណៈខ្លួនបានសន្យាថានឹងវិនិយោគក្នុងទឹកប្រាក់ចំនួន ១,៥ សែនកោដិដុល្លារអាមេរិកលើវិស័យយោធារបស់ខ្លួន នេះបើយោងតាមប្រមុខមន្ទីរបញ្ចកោណ។ លោក Hegseth បានសង្កត់ធ្ងន់ថា សម្ព័ន្ធមិត្តចង់បានស្ថិរភាព ពុំមែនការកើនឡើងភាពតានតឹងនោះទេ។
លោក Hegseth បាននិយាយបន្ថែមថា ទំនាក់ទំនងជាមួយទីក្រុងប៉េកាំង «ល្អប្រសើរជាងកាលពីច្រើនឆ្នាំកន្លងទៅ» ដោយលើកឡើងពីទំនាក់ទំនងយោធា និងយោធាកាន់តែកើនឡើង។ «យើង ជួបប្រជុំគ្នាញឹកញាប់ជាងមុនជាមួយសមភាគីចិនរបស់យើង ដោយរក្សាខ្សែទំនាក់ទំនងដោយបើកចំហរវាងយោធានិងយោធា។
