ទីផ្សារភាគហ៊ុនមានភាពច្របូកច្របល់ ខណៈតម្លៃប្រេងបានធ្លាក់ចុះជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ដោយសារសុទិដ្ឋិនិយមរបស់អ្នកវិនិយោថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបន្ថែមពេលបទឈប់បាញ់ ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ផ្តល់ទស្សនៈផ្ទុយគ្នាលើស្ថានភាពនៃការចរចា ក៏ដោយ។
ទីផ្សារប្រេងបានកើនឡើងនិងធ្លាក់ចុះ នៅសប្តាហ៍នេះ ខណៈអ្នកវិនិយោគ វាយតម្លៃឱកាសនៃការទម្លាយភាពទាល់ច្រកកិច្ចព្រមព្រៀង ដែលអាចបន្តការដឹកជញ្ជូនដ៏សំខាន់ឆ្លងកាត់ច្រកសមុទ្រ Hormuz ។
ក្តីសង្ឃឹមទាំងនោះ ត្រូវបានបំផ្លាញភ្លាមៗដោយការវាយប្រហារថ្មីដោយយោធារបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់កាលពីថ្ងៃពុធ ដែលត្រូវបានប្រឆាំងតបវិញដោយការកំណត់គោលដៅរបស់កងឆ្មាំបដិវត្តន៍ទៅលើមូលដ្ឋានកងទ័ពអាកាសសហរដ្ឋអាមេរិក នៅក្នុងតំបន់។ កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំមួយដែលក្នុងអំឡុងពេលនោះលោកបាននិយាយថា លោកនឹងធ្វើការសម្រេចចិត្តចុងក្រោយលើកិច្ចព្រមព្រៀងសន្តិភាព។
ខណៈព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានមានកម្រិតទាប «ពាណិជ្ជករប្រេង កំពុងមានទស្សនៈសុទិដ្ឋិនិយមថា ទីបញ្ចប់អាចនឹងលេចចេញសម្រាប់ការរំខាននៅក្នុងតំបន់» នេះបើយោងតាមលោក Derren Nathan ប្រធានផ្នែកស្រាវជ្រាវភាគហ៊ុននៅក្រុមហ៊ុន Hargreaves Lansdown។ ទោះជាយ៉ាងណា «ការអត់ធ្មត់នៅលើទីផ្សារ អាចត្រូវបានសាកល្បង ប្រសិនបើកិច្ចព្រមព្រៀងមួយ មិនត្រូវបានព្រមព្រៀងគ្នានៅដើមខែមិថុនា ហើយរឿងនេះអាចមានផលវិបាកយ៉ាងធំធេងសម្រាប់តម្លៃប្រេង និងការកើនឡើងទីផ្សារភាគហ៊ុនសកល» នេះបើយោងតាមលោក Kathleen Brooks នាយកស្រាវជ្រាវនៅក្រុមហ៊ុន XTB។

