អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រ ទី ២៩ ខែឧសភា ថា តំបន់ហ្កាហ្សា ១០០% គួរតែសម្រាប់ប្រជាជនប៉ាឡេស្ទីន ដោយឆ្លើយតបទៅនឹងសំណួរអំពីការថ្លែងលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលថា អ៊ីស្រាអែលនឹងពង្រីកការគ្រប់គ្រងរបស់ខ្លួននៅក្នុងដែនដីនោះ។
លោក Dujarric បាននិយាយថា អង្គការសហប្រជាជាតិ ចង់មើលឃើញតំបន់ហ្កាហ្សានៅតែសម្រាប់ប្រជាជនប៉ាឡេស្ទីន និងបានបញ្ជាក់ជាថ្មីនូវការអំពាវនាវឱ្យអ៊ីស្រាអែលដកថយពីការកាន់កាប់របស់ខ្លួនលើតំបន់ដែលហួសពីអ្វីដែលគេហៅថា «ខ្សែបន្ទាត់លឿង»។ ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីខែតុលា យោធាអ៊ីស្រាអែល នឹងនៅតែគ្រប់គ្រងតំបន់ហ្កាហ្សា ៥៣% ប៉ុន្តែលោក Netanyahu បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងពង្រីកតំបន់នោះដល់ ៧០% ដោយមិនបានបង្ហាញពីព័ត៌មានលម្អិត ឬពេលវេលាកំណត់ណាមួយឡើយ។
ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដែលបានបង្កឱ្យមានសង្គ្រាមដ៏បង្ហូរឈាមរយៈពេលពីរឆ្នាំនៅតំបន់ហ្កាហ្សាដោយការការវាយប្រហាររបស់ខ្លួននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល បានពិពណ៌នាអំពីការអត្ថាធិប្បាយរបស់លោក Netanyahu ថាជាផែនការសម្រាប់ការបោសសម្អាតជនជាតិភាគតិច និងការបង្ខំឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញ។

