យោធាអាមេរិក កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បានប្រាប់ឲ្យដឹងថា ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិកដែលត្រួតពិនិត្យកងកម្លាំង នៅតំបន់អាមេរិកឡាទីន បានមាននូវជំនួបដ៏កម្រមួយនៅថ្ងៃសុក្រនោះ ជាមួយមន្ត្រីយោធាជាន់ខ្ពស់គុយបា នៅបរិវេណមូលដ្ឋានកងទ័ពជើងទឹកអាមេរិក នៅឈូងសមុទ្រ Guantanamo ប្រទេសគុយបា ដោយនេះបានជួយបញ្ជាក់អះអាងដល់ការចុះផ្សាយរបស់សារព័ត៌មាន Reuters។

បញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា មេបញ្ជាការភាគខាងត្បូងរបស់សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ លោក Francis Donovan បានពិភាក្សាខ្លីៗ អំពីបញ្ហាសន្តិសុខប្រតិបត្តិការជាមួយគណៈប្រតិភូគុយបា ដែលរួមមានទាំងឧត្តមសេនីយ៍គុយបា លោក Roberto Legra Sotolongo ជាអនុរដ្ឋមន្ត្រីទី១ នៃនាយសេនាធិការ។
កិច្ចប្រជុំរបស់លោក Donovan នៅក្នុងប្រទេសគុយបា គឺជាកិច្ចប្រជុំលើកដំបូង ដោយមេបញ្ជាការភាគខាងត្បូងបែបនេះ ហើយកើតឡើងចំពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងៗ នៅក្នុងប្រទេសគុយបា អំពីការវាយប្រហារយោធាអាមេរិកដែលអាចកើតមាន លើកោះស្វ័យគ្រប់គ្រងដោយលទ្ធិកុម្មុយនីស្តមួយនេះ។
ក្រសួងការបរទេសគុយបា មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមាននូវដំណើរទស្សនកិច្ចដ៏កម្រមួយ កាលពីដើមខែឧសភា ដោយលោក John Ratcliffe នាយក CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល) ទៅកាន់ទីក្រុងឡាហាវ៉ាន។
គួរបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump តែងតែលើកឡើងពីគុយបាថា ស្ថិតក្នុងចំណោមគោលដៅគោលនយោបាយការបរទេសនៃអាណត្តិទី២ របស់លោក ហើយបានបង្ហើបថា ប្រទេសនេះនឹងក្លាយជាការផ្តោតរបស់លោក នៅពេលដែលសង្គ្រាមជាមួយអ៊ីរ៉ង់បញ្ចប់។ គុយបាគឺជាគូអរិរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ចាប់តាំងពីមានបដិវត្តន៍ឆ្នាំ១៩៥៩ របស់លោក Fidel Castro៕
