អ៊ីស្រាអែល បានបដិសេធការទាមទាររបស់លីបង់ឲ្យដកទ័ពអ៊ីស្រាអែលចេញពីភាគខាងត្បូងនៃប្រទេសលីបង់ ក្នុងអំឡុងពេលចរចាសម្របសម្រួលដោយសហរដ្ឋអាមេរិក រវាងភាគីទាំង២។ នេះបើយោងតាមការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយសាធារណៈ KAN របស់អ៊ីស្រាអែល កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)។
ប្រព័ន្ធផ្សព្វផ្សាយនេះ ដោយសំអាងដល់សម្តីមន្ត្រីរបស់អ៊ីស្រាអែល បានឲ្យដឹងថា លីបង់បានលើកឡើងពីបញ្ហានេះ ក្នុងអំឡុងពេលមានការពិភាក្សាដែលពាក់ព័ន្ធនឹងតំណាងយោធាមកពីប្រទេសទាំង២ ក្រោមការគាំទ្ររបស់សហរដ្ឋអាមេរិក។
យោងតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងទៀតថា អ៊ីស្រាអែលបានជូនដំណឹងដល់អ្នកសម្របសម្រួលថា ខ្លួននឹងមិនដកទ័ពចេញទេ។ ហើយប្រព័ន្ធផ្សព្វផ្សាយ KAN បានរាយការណ៍ទៀតថា កិច្ចពិភាក្សាក៏បានដោះស្រាយផងដែរ អំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដ៏ទូលំទូលាយមួយ ដែលនឹងរួមបញ្ចូលការពិភាក្សាលើបញ្ហាអាវុធរបស់ក្រុមហេសបូឡា។
លីបង់បានស្នើឲ្យមានការបំភ្លឺ ទាក់ទងនឹងលក្ខខណ្ឌដែលអ៊ីស្រាអែលប្រើ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃប្រតិបត្តិការយោធារបស់ខ្លួន ក្នុងនោះរួមទាំងពាក្យ ដែលថា «គ្រោះថ្នាក់ជិតកើតមាន» និង «ការឆ្លើយតបទៅនឹងការគំរាមកំហែង»។ នេះបើយោងតាមសេចក្ដីរាយការនោះ ដែលបានបន្ថែមថា អ៊ីស្រាអែលកំពុងស្វែងរកយន្តការទំនាក់ទំនងដោយផ្ទាល់ រវាងកងទ័ពអ៊ីស្រាអែល និងលីបង់ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការរំសាយអាវុធរបស់ក្រុមហេសបូឡា។
តែយ៉ាងណាក្ដី លីបង់បដិសេធការសម្របសម្រួលដោយផ្ទាល់ណាមួយ ហើយអះអាងថា អាទិភាព គឺការបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល និងការធានាការអនុលោមតាមការរៀបចំដែលបានធ្វើឡើងតាមរយៈការសម្របសម្រួលរបស់សហរដ្ឋអាមេរិក៕

