ប្រទេសកាហ្សាក់ស្ថានបានស្នើយកស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ទៅរក្សាទុក ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង លើកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ទីក្រុងតេអេរ៉ង់។ នេះបើយោងតាមលោក Rafael Grossi ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រាប់សារព័ត៌មាន Financial Times កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦)។
ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានជួបជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នៅទីក្រុង Astana ក្នុងសប្តាហ៍នេះ។

សារព័ត៌មាន Financial Times បានចុះផ្សាយថា មេដឹកនាំកាហ្សាក់ស្ថាន បានបង្ហាញពី «ភាពបើកចំហ» របស់ប្រទេសលោក ក្នុងការរក្សាទុកស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចហើយជិតដល់កម្រិតផលិតអាវុធរបស់អ៊ីរ៉ង់។
សារធាតុអ៊ុយរ៉ានីញ៉ូមប្រមាណ ៤៤០គីឡូក្រាម ដែលត្រូវបានដំណើរការកែច្នៃដល់ភាពបរិសុទ្ធ ៦០ភាគរយ គឺជាចំណុចសំខាន់នៃការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្តីពីការបន្ថែមពេលវេលានៃបទឈប់បាញ់ ក្នុងសង្គ្រាមដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទូចថា អ៊ីរ៉ង់ត្រូវតែទទួលយកថា ខ្លួននឹងមិនមានអាវុធនុយក្លេអ៊ែរទេ ហើយថា សារធាតុអ៊ុយរ៉ានីញ៉ូមត្រូវបានបំផ្លាញចោល។ តែអ៊ីរ៉ង់បានបញ្ជាក់ដដែលៗពីសិទ្ធិរបស់ខ្លួនក្នុងការបន្តកម្មវិធីនុយក្លេអ៊ែរ៕

