ខណៈពេលដែលអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់អរិភាពនៅចុងខែឧសភានវ មិនមែនគ្រប់គ្នា នៅក្នុងប្រទេសអ៊ីរ៉ង់ សុទ្ធតែយល់ស្របជាមួយនោះទេ។
ក្រុមរឹងត្អឹង ជាក្រុមដែលមានសមាជិកនៅក្នុងសភា និងមានអាសនៈ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ បានជំទាស់ជាចំហចំពោះសម្បទានណាមួយ ចំពោះទីក្រុងវ៉ាស៊ីនតោន ដោយប្រើប្រាស់ការជួបជុំគ្នា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសេចក្តីថ្លែងការណ៍ឯកជន និងសាធារណៈជាឧបករណ៍ ដើម្បីព្យាយាមបំផ្លាញកិច្ចព្រមព្រៀង។
គេនៅតែមិនច្បាស់នៅឡើយទេថា ពេលណាកិច្ចព្រមព្រៀងពិតប្រាកដ នឹងត្រូវបានប្រកាស ប្រសិនបើមាន។ បើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបប្រជុំរយៈពេល ២ម៉ោង ជាមួយសមាជិកគណៈរដ្ឋមន្ត្រី នៅក្នុងបន្ទប់ប្រជុំពីស្ថានភាពជាក់ស្ថែង នៅសេតវិមាន កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) ប៉ុន្តែលោកបានពន្យារពេលធ្វើការសម្រេចចិត្តចុងក្រោយ។

អ្នកចរចារដ៏លេចធ្លោរបស់អ៊ីរ៉ង់ គឺប្រធានសភា លោក Mohammad Bagher Ghalibaf បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃនោះថា ទីក្រុងតេអេរ៉ង់មិនទុកចិត្តទីក្រុងវ៉ាស៊ីនតោនឡើយ ហើយថា គ្មានជំហានណាមួយ នឹង «ត្រូវបានធ្វើឡើងមុនពេលភាគីម្ខាងទៀតមានវិធានការមុន» នោះទេ។
ប៉ុន្តែនៅក្នុងប្រទេសអ៊ីរ៉ង់ ការប៉ះទង្គិចគ្នាខាងនយោបាយនៅតែបន្តមាន។ ទូរទស្សន៍រដ្ឋ ដែលគ្រប់គ្រងដោយនាយកមាននិន្នាការដ៏រឹងត្អឹងមួយរូប បានពង្រីកការបែកបាក់នៅក្នុងប្រទេសនេះបន្ថែម និងបានពណ៌នាអំពីការចរចាថា ជាការបរាជ័យ។ អ្នកវិភាគដែលជិតស្និទ្ធនឹងរដ្ឋាភិបាលនៅអ៊ីរ៉ង់ លើកឡើងថា ក្រុមមាននិន្នាការរឹងរូសខ្លាំង តំណាងឲ្យទស្សនៈភាគតិច ទាំងនៅក្នុងសាធារណជនទូទៅ និងក្នុងចំណោមមន្ត្រី។
អ្នកវិភាគនយោបាយនៅទីក្រុងតេអេរ៉ង់ លោក Mehdi Rahmati បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា៖ «ក្រុមនេះមិននិយាយជំនួសប្រជាជនអ៊ីរ៉ង់ភាគច្រើនទេ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីការធ្វើការសម្រេចចិត្តសំខាន់ៗ។ ការចរចានុយក្លេអ៊ែរកំពុងដំណើរការ ទោះបីជាមានការមិនយល់ព្រមពីពួកគេក្ដី»។
ប៉ុន្តែលោកបានបន្ថែមថា៖ «ស្ថាប័នត្រូវបង្កើតផែនការមួយ ដើម្បីគ្រប់គ្រងពួកគេ និងរក្សាពួកគេឲ្យស្ថិតក្នុងការត្រួតពិនិត្យ បើមិនដូច្នោះទេ ពួកគេអាចក្លាយជាគ្រោះថ្នាក់ខ្លាំង សម្រាប់ស្ថិរភាពរបស់អ៊ីរ៉ង់»៕
