កម្មករជនជាតិឡាវ ៥នាក់ ដែលត្រូវបានរកឃើញជាប់នៅក្នុងរូងក្រោមដីអណ្តូងរ៉ែមាសមួយកន្លែង ត្រូវបានគេរាយការណ៍ថា បានរស់រានមានជីវិតដោយសារការបរិភោគថាសឈើសម្រាប់រែងមាស ខណៈពេលកំពុងរង់ចាំអ្នកសង្គ្រោះទៅជួយពួកគេ។
ការរកឃើញនេះបានលេចឡើង ក្នុងអំឡុងពេលមានប្រតិបត្តិការជួយសង្គ្រោះ ដែលកំពុងដំណើរការ នៅក្នុងរូងក្រោមដីអណ្តូងរ៉ែមាសមួយកន្លែង ក្នុងតំបន់ Long Cheng ខេត្ត Xaisomboun របស់ប្រទេសឡាវ ជាកន្លែងដែលកម្មករ ៧នាក់ បានជាប់នៅក្នុងនោះ បន្ទាប់ពីផ្នែកនៃរូងក្រោមដីនេះ បានបាក់រលំ។
ក្រុមជួយសង្គ្រោះឡាវ និងប្រទេសផ្សេងទៀត បានធ្វើការអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីស្វែងរករូងក្រោមដីដែលលិចទឹក និងទៅដល់កន្លែងអ្នកដែលជាប់នៅខាងក្នុងនោះ។ សញ្ញានៃក្តីសង្ឃឹម បានកើតឡើងនៅពេលដែលក្រុមអ្នកជួយសង្គ្រោះបានរកឃើញកម្មករ ៥នាក់ដែលបាត់ខ្លួន។ អ្នករស់រានមានជីវិតដំបូងដែលត្រូវបានគេស្គាល់ថា ឈ្មោះ Thao Mued អាយុ ២៣ឆ្នាំ ត្រូវបាននាំចេញពីទីនោះដោយសុវត្ថិភាព ដែលនាំឲ្យមានការធូរស្រាលចិត្ត សម្រាប់ក្រុមជួយសង្គ្រោះ និងក្រុមគ្រួសាររបស់កម្មករ។
មនុស្ស ៤នាក់ផ្សេងទៀតដែលត្រូវបានរកឃើញ នៅតែស្ថិតនៅក្នុងរូងក្រោមដីនេះ។ មន្ត្រីកំពុងពិភាក្សា អំពីវិធីសាស្រ្តជួយសង្គ្រោះ មុនពេលព្យាយាមនាំអ្នករស់រានមានជីវិតនៅសល់ចេញមក ដោយសុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ កម្មករ ២នាក់ទៀត នៅតែមិនទាន់រកឃើញដដែល។
អ្នកជួយសង្គ្រោះម្នាក់ដែលចូលរួមក្នុងបេសកកម្មនេះ បានបង្ហោះនៅលើបណ្ដាញសង្គម Facebook អំពីរបៀបដែលកម្មករទាំង ៥នាក់ អាចរស់រានមានជីវិតនៅក្នុងរូងនោះ។ លោកបានឲ្យដឹងថា ដើម្បីរក្សាជីវិតខ្លួនឯង កម្មករដែលជាប់ក្នុងនោះ បានបរិភោគថាសធ្វើពីឈើចំនួន២ ដែលប្រើសម្រាប់រែងមាស៕



