ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក Mohsen Rezaei បានសរសេរនៅលើបណ្ដាញសង្គម X ថា ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុង «ក្បត់ការទូត» ដោយមិនបានលុបចោលការបិទខ្ទប់របស់សហរដ្ឋអាមេរិក លើការដឹកជញ្ជូនទំនិញដែលជាប់ទាក់ទងនឹងអ៊ីរ៉ង់ឡើយ។

លោក Rezaei លើកឡើងថា៖ «ដូចការរំពឹងទុក ប្រធានាធិបតីអាមេរិកកំពុងក្បត់ការទូតជាលើកទី៣»។
សម្រាប់ ២ដងមុន លោកហាក់ដូចជាសំដៅទៅលើយុទ្ធនាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានធ្វើឡើងលើអ៊ីរ៉ង់ ក្នុងខែមិថុនាឆ្នាំមុន និងយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលទាំង ២លើកនេះ កើតឡើងក្នុងពេលមានការចរចានុយក្លេអ៊ែរដោយប្រយោល រវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់។
លោក Rezaei បានបន្ថែមថា «ដោយបន្តហ៊ុមព័ទ្ធដោយកងទ័ពជើងទឹក និងធ្វើការទាមទារហួសហេតុ ក្នុងដំណើរការចរចា លោក Trump «បានបង្ហាញម្តងទៀតថា លោកមិនមានទំនោរទៅរកការចរចាឡើយ ហើយកំពុងបន្តគោលដៅផ្សេងទៀត»។
គួរបញ្ជាក់ថា ខណៈពេលដែលប្រធានាធិបតីអាមេរិក កំពុងថ្លឹងថ្លែងពីការអនុម័តកិច្ចព្រមព្រៀងមួយ ដើម្បីបន្ថែមពេលវេលានៃបទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ ភាពតានតឹងនៅតែខ្ពស់ដដែល នៅទូទាំងតំបន់ ទោះបីជាមានការចរចាជាបន្តបន្ទាប់ រវាងទីក្រុងវ៉ាស៊ីនតោន និងតេអេរ៉ង់ក៏ដោយ៕
