ក្រុមអ្នកជួយសង្គ្រោះ បានប្រាប់ឲ្យដឹងថា បុរស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ អស់រយៈពេល ១០ថ្ងៃ ត្រូវបាននាំចេញមកខាងក្រៅដោយសុវត្ថិភាពហើយ បន្ទាប់ពីបានយកម្នាក់ដោយជោគជ័យកាលពី ១ថ្ងៃមុននោះ ប៉ុន្តែមនុស្ស ២នាក់ផ្សេងទៀតនៅតែបាត់ខ្លួនដដែល។
អ្នកមុជទឹកជួយសង្គ្រោះជនជាតិម៉ាឡេស៊ី លោក Lee Kian Lie បានប្រាប់សារព័ត៌មាន AFP តាមរយៈការផ្ញើសារ Messenger ថា៖ «ជនរងគ្រោះ ៤នាក់ទៀត បានចេញមកក្រៅហើយ»។ លោកបានបន្ថែមថា «ទឹកបានស្រកចុះដោយសារការបូម ដូច្នេះពួកគេអាចចេញមកបាន»។
គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា បុរស ៧នាក់ បានជាប់នៅក្នុងរូងភ្នំ នៅតំបន់ភ្នំដាច់ស្រយាលមួយនៃខេត្ត Xaysomboun ភាគកណ្តាល ចាប់តាំងពីថ្ងៃទី២០ ខែឧសភា នៅពេលដែលទឹកជំនន់គំហុកភ្លាមៗ បានធ្វើឲ្យពួកគេចេញមកវិញមិនបាន ខណៈពួកគេស្វែងរកមាស។
មនុស្ស ៥នាក់ ត្រូវបានរកឃើញកាលពីថ្ងៃពុធ ដោយកំពុងជាប់នៅក្នុងរូងតូចចង្អៀតមួយចម្ងាយប្រហែល ៣០០ម៉ែត្រ ពីមាត់រូងភ្នំ។
ក្រុមអ្នកជួយសង្គ្រោះ បាននាំបុរសម្នាក់ដែលប្រឡាក់ប្រឡូសដោយភក់តាមផ្លូវដ៏លំបាកទៅកាន់កន្លែងសុវត្ថិភាព កាលពីថ្ងៃសុក្រ។ បុរសទាំង ៧នាក់នោះ ត្រូវបានជាប់នៅទីនោះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់គំហុកភ្លាមៗ ដែលបានបិទច្រកចេញរបស់រូងភ្នំនោះ៕



