រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth និយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចរាល់ ក្នុងការចាប់ផ្តើមឡើងវិញការវាយប្រហារលើអ៊ីរ៉ង់ បើសិនជាកិច្ចព្រមព្រៀងពុំអាចឈានដល់ទេនោះ ស្របពេលដែលក្រុមចរចាមកពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ធ្វើការដើម្បីលុបបំបាត់ចោលការខ្វែងគំនិតគ្នាសំខាន់ៗដែលរារាំងដល់កិច្ចព្រមព្រៀង ។

ថ្លែងនៅកិច្ចប្រជុំ Shangri-La Dialogue ដែលជាវេទិកាដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំការពារជាតិរបស់អាស៊ី លោក Hegseth និយាយថា សហរដ្ឋអាមេរិកពុំបានបោះបង់ចោលតំបន់អាស៊ី-ប៉ាស៊ីហ្វិកនោះឡើយ បើទោះបីជាជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ ។
លោកបន្តថា ពួកយើងត្រូវតែខ្លាំង ប៉ុន្តែពួកយើងអាចចរចាគ្នាដោយសន្តិវិធីបាន ខណៈមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយបកបើសិនជាចាំបាច់ ។
ប្រធានមន្ទីរបច្ចកោណរូបនេះ និយាយដែរថា លោកប្រធានាធិបតី Donald Trump មានការអត់ធ្មត់ ប៉ុន្តែរូបលោកចង់បានកិច្ចព្រមព្រៀងដ៏អស្ចារ្យដែលធានាថា អ៊ីរ៉ង់នឹងពុំទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ។
គួរឲ្យដឹងថា លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងមានជំនួបនៅសេតវិមាន ដើម្បីសម្រេចចិត្តចុងក្រោយលើសំណើដែលបន្តបទឈប់បាញ់កាលពីដើមខែមេសា សម្រាប់រយៈពេល ៦០ថ្ងៃទៀត ៕

