ក្រុមការពារស៊ីវិលស៊ីរី បានចុះប្រតិបត្តិការ ដើម្បីជួយគ្រួសាររងគ្រោះដោយសារទឹកជំនន់ នៅតំបន់ភាគខាងកើតប្រទេស ក្រោយទន្លេ Euphrates ផ្ទុះច្រាំង ។
យោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងការងារសង្រ្គោះបន្ទាន់ស៊ីរី បានឲ្យដឹងថា ផ្ទៃដីរាប់រយហិចតា រងការជន់លិច ក្នុងនោះទីក្រុង Deir al-Zor ស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ខ្លាំងជាងគេ ។
លោក Mahmoud al-Jassem គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Deir al-Zor និយាយថា ទឹកជន់នាំឲ្យបាក់ស្ពានឆ្លងទន្លេផងដែរ ។
លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កម្រិតទឹកពិតជាខ្ពស់ខ្លាំងណាស់ ។ ពួកយើងលែងមានស្ពានឆ្លងទៀតហើយ ពួកយើងធ្វើដំណើរទៅមក ដោយប្រើប្រាស់ទូក ។
យោងតាមការអះអាងរបស់ប្រធានប្រតិបត្តិការក្រុមការពារស៊ីវិលស៊ីរីប្រចាំនៅទីក្រុង Deir al-Zor បានឲ្យដឹងថា ជនស៊ីវិលជាច្រើន បានងាកទៅរកការប្រើប្រាស់ទូកតូចៗ ដើម្បីធ្វើដំណោះរឆ្លងទន្លេ ដែលជាមធ្យោបាយគ្មានសុវត្ថិភាពនោះទេ ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់មួយនោះទេ នៅក្នុងទឹកជំនន់នេះ ដែលជាគ្រោះមហន្តរាយធម្មជាតិដ៏កម្រមួយនៅក្នុងប្រទេសស៊ីរី ចាប់តាំងពីទួរគី កសាសងទំនប់ទឹកកាលពីរយៈពេលច្រើនទសវត្សរ៍មុន ដើម្បីគ្រប់គ្រងលំហូរទឹកទន្លេ Euphrates ចូលទៅកាន់ប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ាក់ ៕

