ព្យុះខ្សាច់ដ៏ខ្លាំងក្លា បានបោកបក់ឆ្លងកាត់តំបន់ជាច្រើននៅក្នុងរដ្ឋវាលខ្សាច់ Rajasthan របស់ប្រទេសឥណ្ឌា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់រយៈចម្ងាយមើលឃើញនៅទូទាំងទីក្រុង Bikaner, Sri Ganganagar និងទីក្រុង Chura ។
ការិយាល័យអាកាសធាតុឥណ្ឌា បានចេញការព្រមានសម្រាប់ព្យុះផ្គររន្ទះ និងព្យុះធូលីនៅរដ្ឋ Rajasthan ក្នុងនោះសីតុណ្ហភាពបានធ្លាក់ចុះខ្លាំង ចាប់តាំងពីថ្ងៃសុក្ររហូតមក ។
ក្រសួងឧតុនិយមឥណ្ឌា រាយការណ៍ដែរថា ព្យុះផ្គររន្ទះ ព្យុះធូលី និងភ្លៀងធ្លាក់ខ្លាំង ទំនងជាបន្តកើតមាននៅតាមតំបន់ជាច្រើនក្នុងរដ្ឋ Rajasthan នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
យោងតាមការអះអាងរបស់ក្រុមមន្រ្តី បានឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ស្រុកជាច្រើនបានមើលឃើញកើតមានភ្លៀងផ្គររន្ទះដ៏ខ្លាំងក្លា ហើយស្រុក Bari ស្ថិតក្នុងទីក្រុង Dolpur រកឃើញមានភ្លៀងធ្លាក់ច្រើនបំផុត កម្ពស់ ៥៨មីលីម៉ែត្រ ។
ខណៈពេលនោះដែរ មន្ទីរឧតុនិយមនៅទីក្រុង Jaipur បានព្យាករពីព្យុះផ្គររន្ទះលាយឡំជាមួយខ្យល់កន្រ្តាក់ ក្នុងល្បឿន ៦០-៧០គ.ម ក្នុង ១ម៉ោង ៕

