ភ្នំពេញ៖ ក្រុមគ្រូពេទ្យប្រចាំស្រុកប្រតិបតិ្តមេគង្គ (ហៅកាត់OD Mekong) បានចុះចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ដូសជំរុញទី៣ និងដូសជំរុញទី៤ ដល់សហគមន៍ ខ្នងផ្ទះប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមលោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យស្រុកប្រតិបតិ្តមេគង្គ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះថា សកម្មភាពនាពេលនេះ ធ្វើឡើងតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការស្វែងរកប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ និងដូសជំរុញទី៤ និងអ្នកមិនទាន់ ចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដើម្បីឲ្យកុមារ យុវវ័យ និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ បានទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ៗគ្នា។
លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន បានបញ្ជាក់ទៀតថា ជាយុទ្ធសាស្រ្តបន្ត គឺ OD Mekong សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រង់ចំនួនបងប្អូនប្រជាពលរដ្ឋ ដែលខកខានមិនបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩គ្រប់ដូស ដើម្បីយកទិន្នន័យទាំងអស់នេះ រៀបចំផែនការ និងបណ្តុះបណ្តាល ក្រុមការងាររួមជាមួយអាជ្ញាធរ សម្រាប់យកផែនការការងារនេះ ទៅផ្សព្វផ្សាយក្នុងសហគមន៍ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ យល់ច្បាស់ ពីភាពស៊ាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕អត្ថបទ រដ្ឋា