រដ្ឋមន្រ្តីក្រសួងសុខាភិបាលកុងហ្គោលោក Samuel Roger Kamba និយាយថា ក្រុមអាជ្ញាធរកុងហ្គោ បានកំណត់ករណីឆ្លងសង្ស័យជំងឺអេបូឡាចំនួន ១.០២៨នាក់ ហើយករណីឆ្លងបញ្ជាក់ចំនួន ២២៥នាក់ ។
ក្រុមអាជ្ញាធរសុខភាពនៅប្រទេសកុងហ្គោ និងប្រទេសជិតខាង បានបង្កើនកិច្ចខិតខំទប់ស្កាត់ការរីករាលដាលឆ្លងចុងក្រោយនៃជំងឺអេបូឡា ដែលជាជំងឺពុំទាន់មានវ៉ាក់សាំង និងវិធីព្យាបាល ។

ខណៈពេលនោះដែរ អគ្គលេខាធិការអង្គការសុខភាពពិភពលោក(WHO)លោក Tedros Adhanom Ghebreyesus បានព្រមានថា ជម្លោះ ការជម្លៀសខ្លួន និងការមិនទុកចិត្តគ្នា នឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺអេបូឡា ។
ថ្លែងពេលទៅដល់ទីក្រុង Kinshasaរបស់កុងហ្គោ លោក Tedros ចាត់ទុកការរីករាលដាលឆ្លងជំងឺអេបូឡាថា ស្មុគស្មាញខ្លាំងណាស់ ហើយលោកជំរុញឲ្យមានបទឈប់បាញ់ ពីព្រោះថា អសន្តិសុខ និងកង្វះខាតស្បៀងអាហារ បានធ្វើឲ្យឆ្លើយតបកាន់តែលំបាកថែមមួយកម្រិតទៀត ។
លោកបានជំរុញផងដែរឲ្យមានការផ្តល់មូលនិធិអន្តរជាតិ ដោយរូបលោកបញ្ជាក់ថា ប្រហែល ១ភាគ ៣ប៉ុណ្ណោះ នៃការគាំទ្រទទួលបាន ។ បើគ្មានបុគ្គលិកសុខភាពទេនោះ វាពិតជាពិបាកជួយអ្នកដទៃខ្លាំងណាស់ ៕
