UN៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្នើដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ទទួលដំណើរទស្សនកិច្ចរបស់រូបលោកដាច់ដោយឡែកពីគ្នា ដើម្បីពិភាក្សាពីជំហាននានាឈានឆ្ពោះទៅរកសន្តិភាព ក្រោយការវាយប្រហាររបស់ទីក្រុង Moscow ចូលប្រទេសជិតខាងរបស់ខ្លួន។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា លិខិតដាច់ដោយឡែកពីគ្នាត្រូវបានប្រគល់ជូនបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនកាលពីរសៀលថ្ងៃអង្គារស្នើឲ្យលោក Putin ទទួលដំណើររបស់លោក Guterres ទៅកាន់ក្រុង Moscow និងលោក Zelenskyy ឲ្យទទួលយកដំណើររបស់លោកនៅក្នុងរដ្ឋធានី Kyiv។ លោក Dujarric បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបាននិយាយថា ក្នុងពេលវេលាដ៏គ្រោះថ្នាក់ និងលំបាកខ្លាំងបែបនេះ លោកចង់ពិភាក្សាពីជំហាននានាបន្ទាន់ដើម្បីនាំសន្តិភាពឲ្យប្រទេសអ៊ុយក្រែន និងអនាគតនៃពហុភាគីនិយមផ្អែកលើជំពូកនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
គួររម្លឹកថា កាលពីថ្ងៃអង្គារអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវសុំឲ្យផ្អាកការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន អំឡុងសប្ដាហ៍បរិសុទ្ធនៃគ្រិស្តសាសនិកនិកាយអូថូដុក (Orthodox Christians' Holy Week) សម្រាប់គ្រិស្តសាសនិកដែលជាពេលវេលាបួងសួងពិធីបុណ្យ Easter ទទូចឲ្យផ្អាករយៈពេល ៤ថ្ងៃដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ និងការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងមានការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លា៕
អត្ថបទ៖ សុខមាន