រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Shinjiro Koizumi បានធ្វើការច្រានចោលការចោទប្រកាន់ចំពោះ “យោធានិយមថ្មី” នៅក្នុងសុន្ទរកថាថ្លែងនៅកិច្ចប្រជុំកំពូល Shangri-La Dialogue ស្ថិតក្នុងប្រទេសសិង្ហបុរី ដែលជាវេទិកាដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំការពារជាតិរបស់អាស៊ី ។

នៅក្នុងសេចក្តីអត្ថាធិប្បាយមួយចង់សំដៅលើចិន លោក Koizumi និយាយថា គិតពីរឿងនេះ មានប្រទេសមួយដែលមានអាវុធនុយក្លេអ៊ែរដ៏ធំ ហើយនិងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ។ ជប៉ុនគ្មានអាវុធទាំងអស់នេះទេ តើជប៉ុនត្រូវបានគេចាត់ថ្នាក់ថា “យោធានិយមថ្មី” បានយ៉ាងណាកើត?
លោកបន្តថា ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី ២ ជប៉ុនបានគោរពយ៉ាងខ្ជាប់ខ្ជួនច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនិងខិតខំដោយស្មោះត្រង់ ដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកទូលាយ ។
លោក Koizumi បាននិយាយផងដែរថា លោកមានការអារម្មណ៍សោកស្តាយជាខ្លាំង កាលដែលមិនអាចជួបជាមួយសមភាគីចិនរបស់លោក នៅក្នុងវេទិកាមួយនេះ ។
គួរឲ្យដឹងថា នៅក្នុងខែឧសភានេះ ក្រសួងការបរទេសចិន បានអំពាវនាវឲ្យបណ្តាប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវប្រុងប្រយ័ត្ន និងរួមគ្នាប្រឆាំងជាមួយសកម្មភាពដ៏ធ្វេសប្រហែសនៃយោធានិយមថ្មីរបស់ជប៉ុន ៕
