ប្រទេសទីម័រឡេស្តេ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវថ្នាល verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា ជាប្រព័ន្ធផ្ទៀងផ្ទាត់ឯកសារឌីជីថលផ្អែកលើបច្ចេកវិទ្យា Blockchain ដំបូងបង្អស់របស់ប្រទេសនេះ។
ពិធីសម្ពោធនេះ ត្រូវបានរៀបចំឡើងនៅសាលពហុបំណង GMN ក្នុងទីក្រុងឌីលី ក្រោមអធិបតីភាពឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ ទីម័រឡេស្តេ និងមានការចូលរួមពីគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
វេទិកា verify.gov.tl ត្រូវបានអភិវឌ្ឍឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ (MTC) ទីម័រឡេស្តេ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា។
ថ្នាលនេះ អាចផ្ទៀងផ្ទាត់ឯកសារផ្លូវការបានភ្លាមៗ និងមានសុវត្ថិភាពខ្ពស់ ដើម្បីទប់ស្កាត់ការក្លែងបន្លំឯកសារ និងបង្កើនទំនុកចិត្តលើសេវាសាធារណៈឌីជីថល។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានចាត់ទុកការដាក់ឱ្យប្រើប្រាស់ថ្នាលនេះថា ជាជំហានដ៏សំខាន់មួយក្នុងការជំរុញការបម្លែងឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ៕ អត្ថបទ៖ ស៊ូជីង








