ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ មានប្រសាសន៍បញ្ជាក់ថា កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន និងរុងរឿងនាពេលអនាគត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិត អបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា, ខួបលើកទី២៥ ទិវាពិភលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។
តាមរយៈសារលិខិតសម្ដេចធិបតី បានបញ្ជាក់ថា ការប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា នេះ គឺជាការបង្ហាញនូវឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់ការអនុវត្តសិទ្ធិកុមារឱ្យកាន់តែមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះសម្ដេចធិបតី បានលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិទាំងអស់ រួមគ្នាបន្តលើកស្ទួយវិស័យសុខុមាលភាពកុមារឱ្យកាន់តែល្អប្រសើរ ដើម្បីឧត្តមប្រយោជន៍ និងអនាគតដ៏រុងរឿងរបស់កុមារកម្ពុជាគ្រប់រូប។
សម្ដេចធិបតីបានថ្លែងថា ឆ្នាំនេះទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» ដើម្បីរម្លឹកដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ និងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីហានិភ័យការគំរាមកំហែង ការកេងប្រវ័ញ្ច និងការរំលោភបំពាន គ្រប់ទម្រង់បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យកុមាររស់នៅនិងអភិវឌ្ឍដោយសុខដុមរមនា ក្រោមម្លប់សន្តិភាព។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«ជាការពិតណាស់ កុមារគឺជាធនធានដ៏មានតម្លៃ និងមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលបានកំណត់យក «មនុស្ស» ជាវិស័យអាទិភាពចម្បងបំផុតក្នុងចំណោមអាទិភាពទាំង៥។ ហេតុនេះ ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារនៅថ្ងៃនេះ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ដើម្បីជំរុញសន្ទុះការអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើននិងរុងរឿងនាពេលអនាគត»។
សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តយ៉ាងសកម្មប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារដោយចាត់វិធានការអន្តរាគមន៍គ្រប់មធ្យោបាយទ្រទ្រង់សភាពការណ៍ស្ថិតក្នុងស្ថានការណ៍ដែលប្រទេសកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ ដើម្បីធានាឱ្យកុមារក្រុមគ្រួសារ ប្រជាពលរដ្ឋភៀសសឹក ក៏ដូចជាសហគមន៍ទាំងមូលទទួលបាននូវគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពពេញលេញ។
សម្ដេចធិបតីបានបញ្ជាក់ថា លើសពីនេះទៀតរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន ការសង្គ្រោះ បន្ទាន់ដល់កុមារ និងគ្រួសារភៀសសឹក ដើម្បីធានាឱ្យទារក កុមារតូច សិស្សានុសិស្ស ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនមានពិការភាព ទទួលបានសុវត្ថិភាព អាហារហូបចុក សេវាសុខភាព និងកុមារអាចបន្ត ការសិក្សារៀនសូត្រ ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការភៀសសឹកក៏ដោយ៕





