យោងតាមក្រុមអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំអគារដែលកំពុងសាងសង់នៅទីក្រុង Angeles ខេត្ត Pampanga ភាគខាងជើងប្រទេសហ្វីលីពីន បានកើនឡើងដល់ ១២ នាក់ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពម្នាក់ទៀតពីគំនរបាក់បែកមុនពេលមេឃភ្លឺនៅថ្ងៃចន្ទ ១មិថុនាសប្ដាហ៍នេះ ។

សំណង់នេះបានដួលរលំភ្លាមៗមុនម៉ោង ៣ ព្រឹក ថ្ងៃទី ២៤ ខែឧសភា ២០២៦ កន្លងទៅថ្មីៗនេះ ខណៈក្រុមកម្មករសំណង់កំពុងលង់លក់ក្នុងដំណេក ដោយមានមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរថ្មបាក់បែក។
ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកមនុស្សយ៉ាងហោចណាស់ប្រាំបីនាក់ដែលនៅតែបាត់ខ្លួន ខណៈ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានឈានចូលដល់ថ្ងៃទីប្រាំបី។
ក្រុមមន្ត្រីបាននិយាយថា មនុស្សចំនួន៧០ នាក់ ត្រូវបានជួលធ្វើការនៅទីតាំងការដ្ឋានសំណង់នោះ ទោះបីជាភាគច្រើននៃពួកគេបានទៅលេងផ្ទះសម្រាប់ថ្ងៃសម្រាកចុងសប្ដាហ៍ក៏ដោយ៕
