បាល់ទាត់៖ អ្នកចាត់ការក្រុមជំរើសជាតិអង់គ្លេស លោក Gareth Southgate បានបញ្ចេញបញ្ជីឈ្មោះកីឡាករទាំង ២៦នាក់របស់ខ្លួនផ្លូវការថ្ងៃព្រហស្បតិ៍ម្សិលមិញ មុនការប្រកួតជំរុះ World Cup។ ខ្សែការពារសំខាន់ម្នាក់បានបាត់ឈ្មោះគឺខ្សែការពារ Liverpool, Trent Alexander-Arnold ដោយលោក Southgate ថា ទំរង់របស់ Arnold ធ្លាក់ចុះមួយរយៈចុងក្រោយ។

ជាមួយគ្នានោះដែរខ្សែការពារ Manchester City, John Stones ត្រូវបានកោះហៅចូលក្រុមជំរើសជាតិវិញ ក្រោយពីខកខានតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។ Stones បានរួមចំណែកសំខាន់ក្នុងការកាន់កាប់កំពូលតារាង English Premier League ដាច់ ១៤ពិន្ទុពី Manchester United។ ចំណែកឯខ្សែការពារ Manchester United, Luke Shaw ក៏ត្រូវបានកោះហៅត្រលប់មកវិញដែរ បន្ទាប់ពីបង្ហាញខ្លួនឲ្យក្រុមជំរើសជាតិទើបតែបាន ៨លើកបន្ទាប់មកខកខានជិតពីរឆ្នាំ។ Jesse Lingard ខ្សែបំរើប្រយុទ្ធដែល West Ham ខ្ចីពី Manchester United ក៏ត្រូវបានកោះហៅដែរ បន្ទាប់ពីខកខានតាំងពីខែមិថុនា ឆ្នាំ២០១៩។
ដោយឡែកកីឡាករវ័យ ១៧ឆ្នាំ Jude Bellingham ដែលកំពុងលេងឲ្យ Dortmund តាមពិតទៅសមនឹងទទួលបានកៅអីមួយ ជាមួយក្រុមជំរើសជាតិអង់គ្លេសដែរ ក៏ប៉ុន្តែដោយសារតែ Covid-19 ពិបាកក្នុងការធ្វើដំណើរចេញពីទឹកដីអាល្លឺម៉ង់។ កីឡាករដែលត្រូវបានកោះហៅចូលក្រុមជំរើសជាតិអង់គ្លេស ជាលើកដំបូងមានខ្សែប្រយុទ្ធ Aston Villa, Ollie Watkins និង Sam Johnstone៕
អត្ថបទ៖នាង សុភាវុធ